ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿឱ្យសោះតាមការដើរខ្សឹប និងសន្យាបោកប្រាស់របស់គណបក្ស នយោបាយមួយចំនួន ក្នុងរដូវឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ពោលគឺត្រូវជឿលើអ្វីដែលបានឃើញជាក់ស្តែង។
ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោត ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅភូមិចំនួន ៤ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជាទូទៅការសន្យាវាមិនពិបាកទេ ព្រោះគ្រាន់តែថាឱ្យរួចពីមាត់ តែការដែលពិបាកបំផុតនោះគឺការធ្វើ អញ្ចឹងហើយបានដូចជាពាក្សចាស់តែងនិយាយលែងសើចថា អ្នកថា អ្នកសន្យា មិនដែលខុសទេ អ្នកខុសពិតប្រាកដ គឺអ្នកធ្វើប៉ុណ្ណោះ ដែលចំណុចនេះហើយ ឯកឧត្តមសូមអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចេះគិតពិចារណាថ្លឹងថ្លែងឱ្យបានវែងឆ្ងាយ ពិសេសកុំជឿតាមការខ្សឹប និងការសន្យាបោកប្រាស់នោះឱ្យសោះ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្តថា៖ «ស៊ូហូបកំពិសដែលមាននៅក្នុងចានស្រាប់ ប្រសើរជាងហូបបង្កងដែលគេសន្យាថា នឹងចុះទៅចាប់ក្នុងទឹកយកមកឱ្យ» ន័យនេះលោកថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស មិនដែលសន្យាអ្វីជាមួយពលរដ្ឋនោះទេ តែសុខសន្តិភាព និងការអភិវឌ្ឍន៍មានជារៀងរហូតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ដូច្នេះនាំគ្នាហូបកំពិសដែលមានក្នុងចានទៅ មិនចាំបាច់ចាំហូបបង្កងនៅក្នុងទឹកដែលគេសន្យាថា នឹងទៅចាប់ឱ្យនោះទេ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត «មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ»៕