អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ខ្លួនបានរកឃើញករណីកើតជំងឺអុតស្វា(monkeypox)លើកដំបូងរបស់ប្រទេសលើបុរសម្នាក់ដែលវិលមកពីបរទេស។ពួកមន្ត្រីក៏បាននិយាយថា ពួកគេក៏កំពុងពិនិត្យករណីសង្ស័យកើតជំងឺនេះដទៃទៀត។
ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា បុរសកើតអុតស្វាកំពុងសម្រាកនៅមន្ទីរពេទ្យក្រុងតែលអាវីវមួយ ដោយមានសុខភាពល្អទេ។ក្រសួងក៏ណែនាំអោយអ្នកវិលមកពីបរទេសដែលចេញរោគសញ្ញាក្តៅខ្លួននិងចេញពងបែកលើស្បែកប្រញាប់ទៅរកគ្រូពេទ្យ។
ក្នុងពេលជាមួយគ្នា ជំងឺអុតស្វានេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីប្រធានាធិបតីអាម៉េរិក ចូ បៃដិន ដោយកាលពីថ្ងៃអាទិត្យលោកបាននិយាយថា ប្រជាជនគួរប្រយ័ត្នខ្លួនទល់នឹងជំងឺដែលអាចបង្កផលវិបាកធំ បើវាបន្តឆ្លងរាតត្បាត។
ករណីកើតអុតស្វាជាច្រើនករណីត្រូវបានរកឃើញនៅអាម៉េរិកខាងជើងនិងអឺរ៉ុប ចាប់តាំងពីដើមខែឧសភាមក ដោយបង្កអោយមានការព្រួយបារម្ភអំពីការឆ្លងរាតត្បាតទូទាំងសកលលោក។
នៅក្រុងសេអ៊ូលលោកបៃដិនបាននិយាយថា ពួកមន្ត្រីសុខាភិបាលមិនបានរាយការណ៍ជូនលោកអោយមានល្អិតល្អន់អំពីកំរិតនៃការឆ្លងនៅអាម៉េរិកទេ «តែវាជាអ្វីមួយដែលគ្រប់គ្នាគួរព្រួយបារម្ភ។បើវាឆ្លងរាលដាល វានឹងបង្កផលវិបាកធំ។យើងកំពុងធ្វើការលើរឿងនេះជាខ្លាំងដើម្បីអោយដឹងថាត្រូវធ្វើយ៉ាងដូចម្តេចនិងប្រើវ៉ាក់សាំងអី»។
អង្គការសុខភាពពិភពលោកបាននិយាយថាខ្លួនរំពឹងថានឹងរកឃើញអ្នកអ្នកកើតអុតស្វានេះច្រើនថែមទៀត នៅពេលខ្លួនពង្រីកការតាមដាននៅក្នុងប្រទេសដែលជំងឺនេះបានផ្ទុះ។
គិតត្រឹមថ្ងៃសៅរ៍ អ្នកកើតជំងឺនេះ៩២ករណីត្រូវបានបញ្ជាក់ និង២៨ករណីទៀតស្ថិតក្នុងការសង្ស័យនៅក្នុងប្រទេសចំនួន១២។ទីភ្នាក់ងារសុខភាពពិភពលោកនេះបាននិយាយថា ខ្លួននឹងចេញគោលការណ៍ណែនាំបន្ថែមព្រមទាំងអនុសាសន៍នៅប៉ុន្មានថ្ងៃខាងមុខអំពីវិធីបន្ថយការឆ្លងរាលដាលអុតស្វា។
អុតស្វា ជាជំងឺឆ្លងដែលធម្មតាចេញរោគសញ្ញាស្រាលហើយកើតមាននៅផ្នែកនៃទ្វីបអាហ្វ្រិកខាងលិចនិងកណ្តាល។វាឆ្លងតាមរយៈប៉ះពាល់អ្នកជំងឺជិតដិត ដូច្នេះវាងាយនឹងទប់ស្កាត់ដោយគ្រាប់តែដាក់ខ្លួនអ្នកជំងឺនៅដាច់ពីគេ និងធ្វើអនាម័យ៕