គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបៃលិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់មន្រ្តី គណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ដែលមានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ ។ វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ ដែលជាការផ្ទេរចំណេះដឹងស្តីពីរបៀបនៃការរៀបចំការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាលលទ្ធផលបោះឆ្នោត ដើម្បីអោយមន្រ្តីរៀបចំការបោះឆ្នោតឃុំ សង្កាត់ ធ្វើការបណ្តុះបណ្តាលបន្តទៅកាន់មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
បន្ទាប់ពីរបាយការណ៌របស់មន្រ្តីជំនាញផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ជម្រាបជូនអំពីកម្មវិធីបណ្តុះបណ្តាល មេរៀនដែលត្រូវបណ្តុះបណ្តាល និងលទ្ធផលនៃវគ្គបណ្តុះបណ្តាលរួចមក លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានសំដែងការកោតសរសើរចំពោះលោកគ្រូបង្ហាត់ ក៏ដូចជាសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្រៀន និងការសិក្សារៀនសូត្រពេញរយះពេល២ថ្ងៃ ដើម្បីស្រូបយកចំណេះដឹងនេះទៅធ្វើការបណ្តុះបណ្តាលបន្តទៅកាន់មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតដែលនឹងត្រូវធ្វើការជ្រើសរើសអោយបម្រើការងារនៅថ្ងៃបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ខែ មិថុនា ឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ ។ លោកបន្តថា នៅរៀងរាល់ការបោះឆ្នោត ការងារបណ្តុះបណ្តាលនេះត្រូវតែធ្វើឡើងជាប្រចាំព្រោះមន្រ្តីដែលបម្រើអោយការបោះឆ្នោតតែងតែជ្រើសរើសឡើងតាមអាណត្តិបោះឆ្នោត ហើយសមាសភាពមន្រ្តីបម្រើការងារមានការប្រែម្រួលពីមួយអាណត្តិទៅមួយអាណត្តិ។ លោកបន្តថា ដើម្បីធានាអោយដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានរលូន និងស្របទៅតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត ក៏ត្រូវអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការ សង្គមស៊ីវិល អ្នកសង្កេតការណ៌ និងភ្នាក់ងារគណបក្ស តាមដានត្រួតពិនិត្យគ្រប់កិច្ចដំណើការនៃការបោះឆ្នោត ហើយកិច្ចការនេះ គ.ជ.ប តែងបានលើកទឹកចិត្តអោយមានការចូលរួមតាមរយះការបណ្តុះបណ្តាល ការចូលរួមប្រជុំទៀតទាត់ប្រចាំសប្តាហ៌ក្នុងគោលបំណងរួមគ្នាពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានាដែលតើនមានគ្រប់ដំណាក់កាល ហើយដែលកាលពីពេលថ្មីៗ គ.ជ.ប បានអនុញ្ញាតិអោយមានការចូលរួមពិនិត្យអំពីសង្វាក់នៃការបោះពុម្ភសន្លឹកឆ្នោត ការពិនិត្យនិងធ្វើតេស្តសាកល្បងទឹកខ្មៅលុបលាងមិនជ្រះជូនសាធារណៈជន ដែលសកម្មភាពទាំអស់នេះបង្ហាញពីតម្លាភាពនៃនីតិវិធីនៃការរៀបចំការបោះឆ្នោត ។
លោកបន្ត អ្វីដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សម្រេចបានមកដល់ពេលនេះ គឺការចុះបញ្ជីបេក្ខជន គណៈនយោបាយ ដែលមានគណបក្សនយោបាយចំនួន៥បានដាក់បញ្ជីបេក្ខជននៅតាមឃុំ សង្កាត់ដើម្បីធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោត រីឯការចុះឈ្មោះភ្នាក់ការគណបក្សនយោបាយ ការទទួលស្គាល់អង្គការ សមាគមន៏នានា ដែលចូលរួមសង្កេតការណ៌នៅតាមការិយាល័យបោះឆ្នោត កំពុងបន្ត ក្នុងនោះក៏នៅមានការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅ គឃ.សប ឯការងារចាំបាច់ដែលកំពុងបន្តមួយទៀតគឺការចេញឯកសារបញ្ចាក់អត្តសញ្ញាណបម្រើអោយការបោះឆ្នោត (ឯ.អ ) នៅតាមគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងសាលាឃុំ សង្កាត់ ។ លោកបន្តទៀតថា ដោយឡែកសម្រាប់ការជ្រើសរើសមន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២២នេះ ដែលសមាសភាពត្រូវជ្រើសរើសមានចំនួន ៧០៨ នាក់ នៅទូទាំង១១៨ ក្នុងខេត្តប៉ៃលិន។លោកក៏បានណែនាំដល់មន្រ្តីរៀបចំការបោះឆ្នោតទាំអស់ត្រូវតែគោរពច្បាប់ បទបញ្ជា និងនីតិវិធី ការណែនាំរបស់ គ.ជ.ប ដើម្បីអោយដំណើការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងរក្សាការសម្ងាត់ ដែលអាចទទួលយកបានពីគ្រប់ភាពីពាក់ព័ន្ធ។
គួរបញ្ចាក់ថា ៖ យោងតាមបញ្ជីបោះឆ្នោតផ្លូវការដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុម័យល់ព្រមអោយប្រើប្រាស់កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការទូទាំងប្រទេសមានចំនួន៩,២០៥,៦៨១នាក់ និងមានឃុំ សង្កាត់ចំនួន ១.៦៥២។ ដោយឡែកសម្រាប់ខេត្តប៉ៃលិនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន៤២,២៦២ នាក់ មាន៨ឃុំ សង្កាត់ និងមានការិល័យបោះឆ្នោតសរុបចំនួន១១៨ ការិយាល័យ៕