ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិប្រៀបបានឋានសួគ៌ក្រោមមេឃ ដែលរំលេចខ្លួនឡើងនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះជាទីតាំងប្រសព្វមុំបីផ្សារភ្ជាប់ខេត្តចំនួន ៣ គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។
ឈានចូលមកដល់ដូវវស្សានេះ តាមរយៈ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ បានបញ្ជាក់ឱ្យបានដឹងថា នៅតំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ខ្នងក្រពើ ពេលនេះ ចាប់ផ្តើមមានផ្កាចាហួយរីកស្រស់ស្អាតទៀតហើយ អាចឱ្យប្រិយមិត្តទៅទស្សនាកម្សាន្តបាននាតំបន់ដ៏ស្រស់ត្រកាលមួយនេះ។
ទន្ទឹមនឹងនោះ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ ក៏បានសំណូមពរអ្នកទៅលេងកម្សាន្ត កុំបេះបោចផ្កាដ៏ស្រស់ស្អាតទាំងនេះ និង ជួយថែរក្សា ដើម្បីឱ្យភ្ញៀវក្រោយៗមកលេង បានឃើញទេសភាពទាំងនេះ និង ដើម្បីរក្សាសោភណ្ឌភាពលើភ្នំខ្នងផ្សារ និង ខ្នងក្រពើ៕