ប៉ៃលិន៖ នៅមន្ទីរគណបក្សខេត្ត ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត និងក្រុមការងារបក្សចុះជួយមូលដ្ឋាន ដើម្បីត្រៀមយកប្រៀបឈ្នះ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង៤០ឆ្នាំ គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ប្រកបដោយសន្តិភាព «រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកើតចេញពីការគាំទ្រ និងឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតស្របច្បាប់ មិនមែនកើតចេញពីការផ្ដួលរំលំដោយការធ្វើសង្គ្រាម ឬការធ្វើរដ្ឋប្រហារនោះឡើយ» ដូច្នេះចាប់ពីពេលនេះតទៅ សូមត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងធ្វើឡើងនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។
លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺតែងតែប្រកាន់ខ្ជាប់ នូវការការពារសន្តិភាពជាធំលើសអ្វីៗទាំងអស់ ដូច្នេះសូមប្រជាជនបន្តបោះឆ្នោត ជូនបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ និងទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីចូលរួមការពារសន្តិភាពឱ្យបានយូរអង្វែង និងបន្តការអភិវឌ្ឍន៍តទៅមុខទៀត ព្រោះចាប់តាំងពីពេលបដិសន្ធិ រហូតដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា រក្សាខ្ជាប់ឥតប្រែប្រួលនូវសារជាតិរបស់ខ្លួន និងកំពុងបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើន ប្រកបដោយមោទនភាព។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាព នៅក្នុងជួរបក្សគ្រប់ថ្នាក់ លើកកម្ពស់ស្មារតី សកម្មភាពទាំងនយោបាយសតិអារម្មណ៍ និងចាត់តាំងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបន្តការខិតខំប្រឹងប្រែង និងធ្វើចលនាបងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចគោលដៅរបស់បក្ស គឺយកប្រៀបឈ្នះការបោះឆ្នោតគ្រប់ៗអាណត្តិ៕