ខេត្តប៉ៃលិន ៖ ឆ្នាំ២០២២នេះ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ខណៈដំណាំដាំដុះរបស់ខ្លួន ដូចជាពោតក្រហម ដំឡូងមី និងដំណាំកសិកម្មផ្សេងៗដុះលូតលាស់យ៉ាងល្អ ដោយសារតែភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃ ហើយពួកគាត់សង្ឃឹមថា នៅពេលប្រមូលផលនឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន អាចនឹងលក់ឱ្យឈ្មួញយកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ សុន រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅដើមឆ្នាំ២០២២នេះ គាត់បានដាំពោតក្រហមចំនួន០៥ហិកតា បន្ទាប់ពីសង្កេតឃើញមានភ្លៀងធ្លាក់ជាប់ៗគ្នា ដោយរហូតមកដល់ពេលនេះ មានការដុះលូតលាស់យ៉ាងល្អ ធ្វើឱ្យគាត់សប្បាយរីករាយសប្បាយចិត្ត។
គាត់បន្តទៀតថា រីឯតម្លៃទីផ្សារវិញ ផ្លែពោតក្រហមនៅឆ្នាំ២០២១កន្លងមក អាចទទួលយកបានដោយឈ្មួញទិញ ១គីឡូក្រាមតម្លៃ៤.៥បាត (ប្រាក់ថៃ) ទៅ៥.៥បាត(ប្រាក់ថៃ) ជាង៦០០រៀល។ ហើយដំណាំពោតក្រហមនេះ ឆាប់បានប្រមូលផល ដោយដាំត្រឹមតែរយៈពេលជាង៣ខែប៉ុណ្ណោះ អាចទុំបេះលក់ឱ្យឈ្មួញ ដើម្បីយកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងជំពាក់បំណុលគេផងដែរ។
ចំណែកបុរសម្នាក់ ឈ្មោះ អុល រស់នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ លោកបានដាំដំឡូងមីចំនួន១០ហិកតា នៅលើដីចម្ការរបស់ខ្លួន ក្បែរជើងភ្នំខៀវ ក្រោយពីដាំបានរយៈពេល១អាទិត្យ មេឃចាប់ផ្តើមភ្លៀងធ្លាក់ធ្វើឱ្យដំឡូងមីដុះលូតលាស់យ៉ាងល្អ ហើយរហូតមកដល់ពេលនេះ មិនមានងា.ប់ដើមដំឡូងនោះទេ ហើយថែមទាំងបញ្ចេញពណ៌ខៀវខ្ចី ផ្តល់នូវក្តីសង្ឃឹមថា ពេលប្រមូលផល អាចបានទិន្និផលខ្ពស់ជាងឆ្នាំមុនៗ ខណៈដែលឆ្នាំនេះ ទទួលបានទឹកភ្លៀងច្រើន។ តែអ្វីដែលគាត់ព្រួយបារម្ភបំផុតនោះ គឺតម្លៃទីផ្សារ បើសិនជាមិនមានការធ្លាក់ចុះដូចឆ្នាំ២០២១កន្លងមកទេ ឈ្មួញទិញដំឡូងមីស្រស់១គីឡូក្រាមតម្លៃ១.៩ទៅ២.៤បាត (ជាង២០០រៀល) អាចនឹងឱ្យកសិករជាច្រើន ដែលជំពាក់បំណុលគេ មានជីវភាពធូរធាផងដែរ។
ទោះបីជាយ៉ាងណា ការធ្វើកសិកម្មប្រវាសនឹងមេឃ ពិតជាមិនមានការលំបាក ព្រោះពេលខ្លះ ខណៈពេលដែលដំឡូងមីដុះលូតលាស់យ៉ាងល្អ ស្រាប់តែរាំងភ្លៀងអស់រយៈពេលយូរ បណ្តាលឱ្យងា.ប់ខូចខាតមួយចំនួន ពេលខ្លះទៀតពេលជិតប្រមូលផលទៅហើយ បែរជាមេឃនៅបន្តភ្លៀងធ្លាក់ បណ្តាលឱ្យរលួយមើមអស់ជាច្រើនផងដែរ៕