រាជធានីភ្នំពេញ ៖ លោកប្រាក់ វុទ្ធី គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិនារី បានលើកឡើងថា ការបង្ហាញខ្លួនជាលើកដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នៅស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាមលើកនេះគឺជាសញ្ញាដ៏ល្អមួយដើម្បីស្វែងរកបទពិសោធន៍បន្ថែមក៏ដូចជាពង្រឹងសមត្ថាភាពបច្ចេកទេស សម្រួចគោលដៅសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
បើទោះជាគេដឹងច្បាស់ថាក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប្រឈមជាមួយក្រុមខ្លាំងដែលមានកៅអីលេងនៅWorld Cupក៏ដោយលោកគ្រូជម្រើសជាតិនារីរូបនេះនៅតែខិតខំផ្ដល់នូវកម្លាំងចិត្ត និងមានសង្ឃឹមយ៉ាងមុតមាំលើក្រុមជម្រើសជាតិនារីដ៏ក្មេងមួយនេះថាពិតជាអាចធ្វើបានយ៉ាងល្អ និងទទួលបានផលប្រយោជន៍ដ៏ធំធេងមុននឹងឈានជើងទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។
លោកលើកឡើងទៀតថា វាគឺជាការវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាការិនីយើងម្នាក់ៗ ព្រោះនេះជាការប្រកួតលើកដំបូងរបស់ពួកគេ កន្លងមកបទពិសោធន៍នៃការប្រកួតនៅលើឆាកអន្តរជាតោនៅមានតិចបំផុត ប៉ុន្តែឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់មួយរយៈមកនេះលោកគិតថា ពួកគេ ពិតជាមានឆន្ទៈ និងតស៊ូហ្វឹកហាត់ខ្លាំង ជាពិសេស បន្ទាប់ពីទទួលបានការណែនាំរបស់ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោកប្រាក់ វុទ្ធី ប្រាប់ថា លោកពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំយើងបានផ្ដល់ឱកាសឱ្យក្រុមបាល់ទាត់នារីជម្រើសជាតិបានចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូង ព្រោះវាជាគោលដៅចម្បងសម្រាប់ត្រៀមខ្លួននៅក្នងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ មិនតែប៉ុណ្ណោះឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់អស់រយៈពេល៣សប្ដាហ៍មកនេះ ក្រុមកីឡាបាល់ទាត់នារីជម្រើសជាតិកម្ពុជាបង្ហាញតម្រុយយ៉ាងល្អសម្រាប់ស៊ីហ្គេមដែលកម្ពុជាទទួលធ្វើជាលើកដំបូងរបស់ខ្លួន។
ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ធ្លាប់បានមានប្រសាសន៍លើកឡើងរួចមកហើយថា ការបង្ហាញខ្លួនរបស់ក្រុមបាល់ទាត់ជម្រើសជាតិទាំង២នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមលើកនេះ គឺជាបេសកកម្មដ៏សំខាន់ដើម្បីនាំយកមេដាយ និងកិត្តយសជូនជាតមាតុភូមិ ដោយសានៅពីក្រោយរបស់ពួកគេមានប្រជាពលរដ្ឋខ្មែររាប់លាននាក់គាំទ្រនិងកំពុងរង់ទស្សនាការប្រកួតដ៏ទទួលខុសត្រូវខ្ពស់។ គេក៏សង្ឃឹមទៀតថា ក្រុមជម្រើសជាតិនារីកម្ពុជា យកស្មារតី និងឆន្ទៈ ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមម្ចាស់ផ្ទះវៀតណាមនិងក្រុមហ្វីលីពីន ខណៈក្រុមទាំង២នេះសុទ្ធធ្លាប់មានកៅអីនៅWorld Cup ដូចគ្នា ហើយក្រុមជម្រើសជាតិនារីកម្ពុជានឹងត្រូវជួប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិហ្វីលីពីននៅថ្ងៃទី៩ ឧសភា ៕