គ្រាប់ឪឡឹកលីង គឺជាអ្វីដែលអ្នកអាចរកបាននៅគ្រប់កន្លែងលក់អីវ៉ាន់ ជាមួយនឹងតម្លៃដ៏សមរម្យបំផុត។ វាត្រូវបានគេយកមកទទួលទាននៅពេលចង់ផ្តោតអារម្មណ៍ទៅនឹងកិច្ចការអ្វីមួយ ជាពិសេសនៅពេលលេង៥២សន្លឹក។ អ្នកប្រហែលជាមិនដឹងថា វាជួយអ្វីខ្លះដល់សុខភាពអ្នក ក្រៅពីរសជាតិឈ្ងុយៗរបស់វាឡើយ។ ថ្ងៃនេះ អ្នកនឹងបានដឹង។
១. សុខភាពសក់
គ្រាប់ឪឡឹក គឺមានផ្ទុកជាតិដែក ប្រូតេអ៊ីន ជាតិទង់ដែង និងម៉ាញ៉េស្យូម ក្នុងកម្រិតខ្ពស់ដែលធ្វើឱ្យវាអាចផ្ដល់ផលល្អប្រសើរមែនទែនចំពោះសុខភាពនៃសក់។ ប្រូតេអ៊ីន គឺជាធាតុសំខាន់មួយជួយក្នុងការលូតលាស់នៃសក់ ដូច្នេះហើយទើបគ្រាប់ឪឡឹក គឺជាអាហារ សម្រន់សំខាន់មួយសម្រាប់អ្នកដែលមានបញ្ហាសក់ជ្រុះ ឬសក់ស្ដើង។ រីឯជាតិម៉ាញ៉េស្យូមវិញ គឺជាធាតុចាំបាច់មួយជួយរក្សាឱ្យសក់មានសភាពរឹងមាំ និងបង្ការបញ្ហាបែកចុង។ ចំណែកឯ ជាតិទង់ដែង គឺដើរក្នុងការផលិតមេឡានីនដែលផ្ដល់ពណ៌ដល់សក់ និងធានាបានថាសក់មានសភាពភ្លឺរលាស់ស្រស់ស្អាត។
២. សុខភាពស្បែក
គ្រាប់ឪឡឹកមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិខ្លាញ់សុខភាពល្អផ្សេងៗទៀត ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរដល់ស្បែក។ ការទទួលទានគ្រាប់ផ្លែឪឡឹកជាប្រចាំអាចជួយធ្វើឱ្យស្បែករក្សាបាននូវជាតិសំណើមទន់រលោង ជៀសផុតពីបញ្ហាស្បែកស្រអាប់ថែមទៀតផង។ លើសពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងគ្រាប់ឪឡឹកនឹងជួយក្នុងការកាត់បន្ថយរូបរាងនៃស្នាមជ្រីវជ្រួញ ក៏ដូចជាស្នាមអុចខ្មៅ និងបញ្ហាមុនផងដែរ។
៣. កាត់បន្ថយកម្រិតសម្ពាធឈាម
សារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និងអាស៊ីតអាមីណូជាក់លាក់ដែលមានវត្តមានក្នុងគ្រាប់ឪឡឹក គឺអាចជួយបង្កើនសុខភាពបេះដូង។ អាមីណូអាស៊ីត Arginine និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលមានក្នុងគ្រាប់ឪឡឹក គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបន្ថយសម្ពាធឈាម។ រីឯប៉ូតាស្យូមវិញ គឺមានប្រសិទ្ធិភាពកាត់បន្ថយសម្ពាធលើប្រព័ន្ធសរសៃឈាមបេះដូងនិងគ្រប់គ្រងសម្ពាធឈាម៕