ប៉ៃលិន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត ក្នុងឱកាស ខែបុណ្យ «រ៉ាម៉ាឌន» នៅវិហារហាយ៉ាទុលឥស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ដោយរាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ និងការពង្រាយវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានៅទូទាំងប្រទេស ចាប់ពីកុមារ រហូតដល់មនុស្សចាស់ ដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ និងនិន្នាការនយោបាយ ព្រមទាំងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមទាំងបងប្អូនសាសនិកឥស្លាមផងដែរ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ទៅតាមច្បាប់ សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេស ៣ការពារ ៣កុំ។ ហើយជាលទ្ធផល បន្ទាប់ពីបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ ស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មានការធូស្រាលឡើងវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងការពាក់ម៉ាស់ នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត, នេះគឺ ស បញ្ជាក់អោយឃើញពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីយកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និង សាសនាណាមួយកើតឡើងឡើយ ហើយសុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នា ប្រកបដោយភាពសុខសាន្ត។ ជាក់ស្តែងនៅក្នុងកាលទេសៈការរីករាលដាលនៃជម្ងឺកូវីដ-១៩ សម្តេចតេជោ សែន បានអោយក្រសួងសុខាភិបាល អនុញាតិដល់គ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ គឺត្រូវរៀបចំជាកន្លែងថ្វាយបង្គុំ របស់អ្នកជម្ងឺខ្មែរ-ឥស្លាម ដែលទៅសម្រាកព្យាបាលជម្ងឺ និង រៀបចំកន្លែងថ្វាយបង្គុំ នៅតាមសាលារៀនជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បន្តថា៖ ក្នុងប្រវត្តិសាស្ត្រតាំងពីសម័យមុនមក គ្មានសម័យកាលណា ដែលសហគមន៍ ឥស្លាមកម្ពុជា ទទួលបានសមិទ្ធផលច្រើនសម្រាប់សហគមន៍ ដូចសម័យ សម្ដេចតេជោ សែន ឡើយ ព្រោះជានិច្ចជាកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត តែងតែចូលរួមកម្មវិធីអាហារស្រាយបួស រ៉ាម៉ាដន ជាមួយបងប្អូនខ្មែរឥស្លាម និង ដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម ព្រមទាំងរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋកាលទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ដូចជាពេលថ្មីៗនេះ សម្ដេចតេជោ បានដោះស្រាយជូនសហគមន៍ឥស្លាម ដោយផ្ដល់ដីបញ្ចុះសពសម្រាប់សាសនិកឥស្លាមកម្ពុជា ដែលទទួលមរណភាពដោយសាជម្ងឺរកូវីដ-១៩ ដើម្បីរៀបចំសពទាំងនោះ ទៅតាមប្រពៃណីសាសនាឥស្លាមផងដែរ។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ក៍មានឱកាសចូលរួមបម្រើការងារក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ស្ថិតក្រោមម្លប់សុខសន្តិភាព។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ ព្រឹត្តិការណ៍សំខាន់ៗចំនួន ២ នាពេលខាងមុខ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនសាសនិកខ្មែរឥស្លាម នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ហើយបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងអណត្តិបន្តបន្ទាប់ទៀត និងគាំទ្របេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភ ថវិកា ៣លានរៀល និងដំណាប់ល្មើ ១០កេសធំ ជូនដល់ប្រធានសមាគម សាសនិកឥស្លាម ដោយឡែក បងប្អូនសាសនិកខ្មែរឥស្លាម ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ទឹកក្រូច ទឹកដោះគោ មី ដំណាប់ល្មើ និងថវិការមួយចំនួនផងដែរ៕