ប៉មចម្រោះទឹកស្អាត អាឃ្វរ័ ធាវវើ (Aqua Tower) និងឧបករណ៍សម្អាតបន្ទប់ទឹក ដែលជាអំណោយរបស់ក្រុមហ៊ុន កូកា-កូឡា (Coca-Cola) មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ហើយ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីអភិបាលរងក្រុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ ២៥០នាក់។
លោក ប៊ី រតនា ប្រធានប្រចាំប្រទេសផ្នែកលក់ អតិថិជនទូទៅនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡាបានលើកឡើងថា៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងបន្តគាំទ្រនិងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តន៍កម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះរួមទាំងការធ្វើលំហែទាំរយៈពេល ០៥ឆ្នាំ។ លោកបានបន្ដថា អង្គការ Planet Water នឹងធ្វើការត្រួត ពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។ លោកបានបន្ថែមថា “ក្រុមហ៊ុន កូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោង ដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក”។ លោកបានបន្ថែមទៀតថា នេះគឺជាប៉មចម្រោះទឹកស្អាតទី៣៦ហើយ ដែលបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ក្រោមកិច្ចសហការជាមួយអង្គការPlanet Water ដែលមានការដំឡើង ប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទានផងដែរ។
ក្នុងនាមលោកគ្រូ ខាំ យារិន ជានាយកវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន កូកាកូឡា ដែលបានផ្តល់នូវប៉មចម្រោះទឹកស្អាត អាឃ្វរ័ ធាវវើ (Aqua Tower) និងឧបករណ៍សម្អាតបន្ទប់ទឹក ដល់ការប្រើប្រាស់សម្រាប់សាលា ហើយវាជាគុណតម្លៃមួយមិនអាចកាត់ ថ្លៃបាននោះទេ។ ហើយជាមួយគ្នានោះ បន្ទាប់ពីទទួលបានបឭមចម្រោះទឹកស្អាតនិងម៉ាស៊ីនអនាម័យនេះ បានជួយដល់សាលារៀនឲ្យមានទឹកស្អាតប្រើប្រាស់សមរម្យប្រកបដោយផាសុខភាព អនាម័យ និងកាត់បន្ថយ ការចំណាយរបស់លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សយើង។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន មន្ត្រីរាជការក្នុងខេត្ត ក៏ដូចជាបុគ្គលិអប់រំគ្រប់ផ្នែក ជាពិសេសសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់ប្រធានក្រុមហ៊ុន កូកាកូឡា ដែលបានឧបត្ថម្ភប៉មចម្រោះទឹកស្អាត និងឧបករណ៍សម្អាតបន្ទប់ទឹក ដែលមានសារសំខាន់សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោកអភិបាលរងខេត្តបន្តថា៖ នេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិសយ័អប់រំ និងគិតគូរខ្ពស់ពីសុខមាលភាពរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
លោកអភិបាលរងខេត្ត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងវឌ្ឍនភាពគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដោយបានបង្ខិតសាលារៀនឲ្យនៅជិតលំនៅដ្ឋានប្រជាពលរដ្ឋ និងឃុំមួយត្រូវមានវិទ្យាល័យមួយ ដូចនេះទីណាមានប្រជពលរដ្ឋ ទីនោះត្រូវតែមានសាលារៀន»។
ជាមួយគ្នានោះដែរ លោក ហែម ឬទ្ធី អភិបាលរងខេត្តក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពេលឃើញប៉មចម្រោះទឹកស្អាត ត្រូវនឹកឃើញដល់ម្ចាស់ឧបត្ថម្ភនោះ គឺក្រុមហ៊ុនកូកាកូឡា ត្រូវចូលរួមថែរក្សាប៉មចម្រោះទឹកស្អាតឲ្យបានគ្រប់គ្នា ប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ត្រូវសម្អាតអនាម័យខ្លួនប្រាណ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ពិសេសគឺជំងឺកូវីដ-១៩ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕