ខេត្តស្ទឹងត្រែង ៖ រ៉ាមសារ ឬតំបន់ដីសើម គឺជាតំបន់ដែលពោពេញដោយជីវចម្រុះ និងមានសក្តានុពល ខ្លាំងសម្រាប់វិស័យទេសចរណ៍។ តំបន់នេះត្រូវបានគេឱ្យតម្លៃជាតំបន់អេកូទេសចរណ៍ខ្នាតអន្តរជាតិទៀតផង ។
លោក ឈួន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារខេត្តស្ទឹងត្រែង បានឱ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិនោះ មានជីវចម្រុះ ប្រមាណជាង ១៣០ ប្រភេទ ។ មានប្រភេទសត្វកម្រច្រើនប្រភេទផងដែរ ដូចជា ក្អែកទឹករាប់ម៉ឺនក្បាល ត្រយ៉ងច្រកុំក ស សត្វកុកពាក់អំបោះ ជាដើម ក្រៅពីនោះប្រភេទល្មូន ថនិកសត្វច្រើនប្រភេទដូចជា សត្វភេ ។ ក្រៅពីសត្វស្លាប ល្មួន ជីវចម្រុះក្នុងទឹក នៅមានរុក្ខជាតិព្រៃលិចទឹក ដែលបញ្ចេញសម្រស់ស្រស់ប្លែកពីតំបន់ដ៏ទៃ អបដោយ ហ្វូងសត្វស្លាប ហើរដេញគ្នាទាំងហ្វូងៗ ។
លោក ឈួន ឆន បានឲ្យដឹងទៀតថា ក្រៅពីសក្តានុពលខាងលើ រ៉ាមសារក៏នៅមានវាលខ្សាច់ ជាប្រភេទខ្សាច់ល្អថែមទៀត ព្រោះវាចាំងពន្លឺផ្លេកៗដូចគ្រាប់ពេជ្រ ឬមាសអ៉ីចឹង ។ ចំណែកទឹកវិញគឺនៅរដូវប្រាំងមានលក្ខណៈអំណោយផលសម្រាប់ភ្ញៀវទេសចរ ព្រោះមានលក្ខណៈថ្លាឆ្វេងតែម្តង ហើយបញ្ចេញពណ៌ខៀវស្រងាត់មើលទៅត្រជាក់ភ្នែកមែនទែន ហើយទឹកក៏ត្រជាក់ថែមទៀត ។
តាមមន្ត្រីនៅតំបន់រ៉ាមសារនេះគឺមានប្រជុំកោះរហូតដល់ជាង ៥០ កោះ ក្នុងនោះកោះធំៗមាន ៧ កោះ និងមានប្រជាជនរស់នៅលើកោះទាំងនោះ ដោយអាស្រយ័ផល ធនធានធម្មជាតិ ដែលមានលើកោះនិងក្នុងទឹកតាំងពីបុរមបុរាណរាងមក ។ តំបន់រ៉ាមសារ នេះជាជង្រុកសម្រាប់ត្រីមេបន្តពូជតាមដងទន្លេមេគង្គលើ ។ ផ្តើមពីនោះតំបន់នេះក៏មានអន្លុងសម្រាប់ត្រីបន្តពូជ (ពង កូន) រហូតដល់ ៩២ អន្លុងឯណោះ ហើយសុទ្ធសឹងជាអន្លុងជ្រៅអំណោយផលដល់ត្រីសម្រាប់ពងកូន ។ តំបន់រ៉ាមសារក៏នៅមានប្រជាសហគមន៍នេសាទរហូតដល់ ២១ សហគមន៍និងសហគមន៍អេកូទេសចរណ៍ចំនួន ២ រួមទាំងប្រជាពលរដ្ឋចំនួន ២១ ភូមិ ។ នេះជាការបញ្ជាក់របស់មន្ត្រី ។
តំបន់រ៉ាមសារ មិនទាន់ប្រឈមនូវការគំរាមកំហែង ឬក៏ការបំផ្លិចបំផ្លាញណាមួយ គួរឱ្យកត់សម្គាល់នៅទ្បើយទេ ។ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ តែងតែធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំជាប្រចាំ ជាពិសេសពលរដ្ឋបានយល់ដឹងនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារតំបន់រាមសាបដើម្បីបម្រើដល់ផលប្រយោជន៍សហគមន៍ជាយូរអង្វែងតទៅ ។
ប្រជាសហគមន៍បានធ្វើការអំពាវនាវដល់ភ្ញៀទេសចរជាតិ និងអន្តរជាតិ អញ្ជើញទៅសម្រាកកម្សាន្ត លម្ហែកាយ ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធនៅតំបន់រ៉ាមសារ ដែលជាតំបន់អេកូទេសចរខ្នាតអន្តរជាតិ ។ ប្រជាសហគមន៍រង់ចាំស្វាគមន៍ភ្ញៀវទេសចរដោយភាពរាក់ទាក់ រួសរាយ បំផុតមិនឲ្យភ្ញៀវទេសចរខកចិត្តនោះទ្បើយ ។
សូមជម្រាបថា តំបន់រ៉ាមសារ ស្ថិតនៅក្នុងចន្លោះស្រុកចំនួន ៣ នៃទឹកដីខេត្តស្ទឹងត្រែង រួមមានស្រុកបូរីអូរស្វាយសែនជ័យ ស្រុកថាទ្បាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង ។ ប៉ុន្តែស្រុកដែលមានផ្ទៃដីគ្របដណ្តប់ច្រើនជាងគេ គឹស្រុកបូរីអូរស្វាយសែនជយ័ ៕