របបអាហាររបស់យើង ត្រូវមានតុល្យភាពត្រឹមត្រូវមួយ ទើបអាចមានសុខភាពល្អ។ ដោយសារតែចំណង់ចំណូលចិត្តមនុស្សខុសៗគ្នា អ្នកខ្លះចូលចិត្តសាច់ អ្នកខ្លះចូលចិត្តបន្លែ។ តើនឹងមានអ្វីកើតឡើងខ្លះ ពេលដែលយើងទទួលទានសាច់ច្រើន?
១. អារម្មណ៍មិនល្អ
ធ្លាប់សម្គាល់មើលខ្លួនឯងទេថា អ្នកហាក់ដូចជាងាយនឹងមានអារម្មណ៍មិនល្អសឹងតែគ្រប់ពេល? បញ្ហានេះក៏អាចបណ្ដាលមកពីការទទួលទានប្រូតេអ៊ីនច្រើនលើសផងដែរ។ នោះក៏ព្រោះតែនៅពេលអ្នកទទួលទានអាហារសម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជាទទួលទានកាបូអ៊ីដ្រាតតិចជាងមុន ហើយខួរក្បាលនឹងមិនទទួលបានជាតិស្ករគ្រប់គ្រាន់ដើម្បីផលិតអរម៉ូនអារម្មណ៍ល្អសេរ៉ូតូនីន។
២. ស្រេកទឹកខ្លាំង
បញ្ហាជាមួយការទទួលទានរបបអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ច្រើនពេក នឹងធ្វើឱ្យតម្រងនោមត្រូវធ្វើធ្ងន់លើសធម្មតាដើម្បីបញ្ចេញប្រូតេអ៊ីនពីរាងកាយ។ នេះហើយជាមូលហេតុដែលអ្នកអាចនឹងនោមញឹកខុសធម្មតាពេញមួយថ្ងៃ បង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមិនត្រឹមតែប្រូតេអ៊ីនប៉ុណ្ណោះទេ ដែលត្រូវបញ្ចេញចោលតាមទឹកនោម ប៉ុន្តែរួមទាំងជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមផងដែរ។
៣. ទល់លាមក
អាការៈទូទៅបំផុតមួយទៀតនៃការទទួលទានប្រូតេអ៊ីនច្រើនហួស គឺទល់លាមក។ នេះដោយសារតែទីមួយគឺមកពីការខ្វះជាតិទឹក ព្រោះថាតម្រងនោមរបស់យើងនឹងបញ្ចេញជាតិទឹកច្រើនជាងមុនក្រោយពីយើងទទួលទានជាតិប្រូតេអ៊ីនច្រើន។ ម្យ៉ាងវិញទៀត សម្រាប់អ្នកចូលចិត្តញ៉ាំជាតិសាច់ គឺភាគច្រើនមិនសូវចូលចិត្តញ៉ាំបន្លែទេ។ នេះក៏ធ្វើឱ្យទល់លាមកដែរ ដោយសារតែខ្វះជាតិសរសៃក្នុងរបបអាហារ៕