ស្ថិតនៅចម្ងាយប្រមាណ ១៨៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ថា ជាទឹកដីដ៏សែនមនោរម្យដែលមានភ្នំខ្ពស់ៗ បូករួមផ្លូវកាច់កោងវែងអន្លាយ ស្របរុក្ខជាតិបៃតងដុះដេរដាសតាមជួរភ្នំ និង ដងផ្លូវ ស័ក្តិសមបំផុត សម្រាប់ការធ្វើដំណើរកម្សាន្ត ស្រូបយកខ្យល់អាកាស បែបធម្មជាតិបរិសុទ្ធ ។ ទីតាំងលម្ហែជាប់ជើងភ្នំមួយកន្លែង ជាប្រភេទបែបហាងកាហ្វេ ដែលមានទេសភាពស្រស់ត្រកាល បូករួមប្លង់ថតរូបស្អាតៗជាច្រើន ធានាថាបានទស្សនាកម្សាន្តហើយមិនស្ដាយក្រោយឡើយ ដែលនៅទីនោះមានឈ្មោះថា «ព្រៃកាហ្វេ (PREY COFFE)»។
ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៥៥ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ព្រៃកាហ្វេ ជាកន្លែងលម្ហែដែលមានលក់ជាបែបកាហ្វេ សង់ឡើងក្បែរតំបន់ជើងភ្នំ មានបរិយាកាសស្រស់ស្រាយ អមដោយរុក្ខជាតិបៃតងខៀវស្រងាត់ គួរជាទីមនោរម្យក្រៃលែង និង ស័ក្តិសមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ក៏ដូចជាចូលចិត្ត និង ស្រឡាញ់ការថតរូបផងដែរ៕