លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់ក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្ត ភាគីពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូរគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ ស៊ីម៉ែប (CMEP) នៅខេត្តប៉ៃលិន ត្រូវរួមសហការគ្នាធ្វើយ៉ាងណាលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យបាននៅឆ្នាំ២០២៥ខាងមុខ ដើម្បីឈានទៅសម្រេចតាមផែនការយុទ្ធសាស្រ្តជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់អោយបានមុនគេទូទាំងប្រទេស។ លោកអភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានថ្លែងបែបនេះ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំក្រុមការងារពិសេស សម្រាប់លុបបំបាត់ជម្ងឺគ្រុនចាញ់នៅខេត្ត និងការដាក់ឱ្យដំណើរការគម្រោង លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងប្រទេសកម្ពុជា ហៅកាត់ថា ស៊ីម៉ែប (CMEP) នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានប្តេជ្ញា នឹងលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២០ និងលុបបំបាត់រាល់គ្រប់ទម្រង់ជម្ងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥ តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ និងអង្គការជាដៃគូរគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ ស៊ីម៉ែប (CMEP)នៅខេត្តប៉ៃលិន ត្រូវរួមសហការគ្នា ដើម្បីឈានទៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅពេលខាងមុខនេះ។ លោកអភិបាលរងខេត្ត ហែម ឬទ្ធី បានមានប្រសាសន៍ស្នើដល់ប្រតិបត្តិករអនុវត្តន៍ផ្ទាល់ និងដៃគូសហការ ខិតខំពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលពាក់ព័ន្ធលើសមត្ថភាពធ្វើរោគវិនិច្ឆ័យប្រើប្រាស់ឧបករណ៍មានប្រសិទ្ធភាពនិងផ្តល់ការព្យាបាលត្រឹមត្រូវ ពង្រឹងលើការអប់រំសុខភាពដល់សហគមន៍អំពីការ ការពារ និងស្វែងរកការព្យាបាលជម្ងឺគ្រុនចាញ់បានទាន់ពេលវេលា ព្រមទាំងបន្តចុះចែកមុងជ្រលក់ថ្នាំដល់ភូមិគោលដៅ និងចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការ ការពារនូវជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានអោយដឹងថា៖ នៅក្នុងខេត្តប៉ៃលិនមានស្រុកប្រតិបត្តិចំនួន ០១ មន្ទីរពេទ្យចំនួន ០១, មណ្ឌលសុខភាពចំនួន ០៧ អ្នកស្ម័គ្រចិត្តភូមិចំនួន ៤២នាក់ ហើយករណីគ្រុនចាញ់នៅក្នុងខេត្តប៉ៃលិន បើប្រៀបធៀបឆ្នាំ ២០២១ មាន ០៣ករណីហើយបើគិតត្រឹមត្រីមាសទី១ ដើមឆ្នាំ ២០២២ នេះ មានតែ ០១ករណី ប៉ុណ្ណោះ ជាប្រភេទវីវ៉ាក់ ជាករណីនាំចូល ដែលនេះហើយជាមោទនភាពមួយខ្លាំងណាស់ដែលខេត្តប៉ៃលិនអាចទប់ស្កាត់និងលុបបំបាត់ជម្ងឺគ្រុនចាញ់ស្ទើរទាំងស្រុងហើយមុនកាលកំណត់។
តមកនៅរសៀលថ្ងៃដដែល លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំសំណេះសំណាលមួយទៀតជាមួយថ្នាក់ដឹកនាំក្រុមការងារពិសេសជម្ងឺគ្រុនចាញ់ខេត្តប៉ៃលិន ជាមួយអង្គការ ស៊ីម៉ែប CMEP និងប្រធានមន្ទីរសុខាភិបាលខេត្ត ដើម្បីបូកសរុបបញ្ហាសំខាន់ៗដែលបានលើកឡើង និងដាក់ចេញនូវយុទ្ធសាស្ត្រផែនការលុបបំបាត់ជម្ងឺគ្រុនចាញ់នៅខេត្តប៉ៃលិន អោយអស់មុនគេដើម្បីជាគម្រូសម្រាប់ទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព៕