ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅមណ្ឌលសុខភាពភ្នំស្ពង់ មន្ទីរសុខាភិបាលខេត្តបានរៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ រួមគ្នាអនុវត្តន៍គន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជម្ងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាពក្រោមអធិបតីភាព លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានចូលរួមពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោកស្រី សន សុផល ប្រធានក្រុមគម្រោងCMEP(ស៊ីមែប) និងURC ប្រចាំខេត្តប៉ៃលិនបានអោយដឹងថា៖ គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាតំណាក់កាលទី២ បានចាប់ផ្តើមអនុវត្តគម្រោងបន្តពីគម្រោង CMEP(ស៊ីមែប) ដែលទទួលស្គាល់បានបទពិសោធន៍ និងភាពជោគជ័យលើការងារលុបបំបាត់ជំងឺគ្រុនចាញ់។ លោកស្រីបានបន្តថា៖ ករណីគ្រុនចាញ់បានថយចុះគួអោយគត់សំគាល់ នៅឆ្នាំ២០១៩មានករណីគ្រុនចាញ់ចំនួន ៣៥ករណី ប្រភេទ វីវ៉ាក់ ៣៤ករណី និង ០១ករណីជាប្រភេទហ្វាល់ស៊ីប៉ារ៉ូម ឆ្នាំ២០២០ ករណីគ្រុនចាញ់សរុបចំនួន១៥ករណី ប្រភេទវីវ៉ាក់ទាំងអស់ និងឆ្នាំ២០២១ ករណីគ្រុនចាញ់សរុបមាន៣ករណីជាប្រភេទវីវ៉ាក់ទាំងអស់។ ដូច្នេះខេត្តប៉ៃលិនអាចនឹងលុបបំបាត់ជំងឺគ្រុនចាញ់ បានតាមគោលដៅយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល និងថ្នាក់ជាតិក្នុងប្រទេសកម្ពុជា ធ្វើការលុបបំបាត់គ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមអោយបាននៅឆ្នាំ២០២៣ និងលុបបំបាត់គ្រុនចាញ់គ្រប់ទម្រង់ទាំងអស់នៅឆ្នាំ២០២៥។
លោក ហែម ឬទ្ធី អភិបាលរងខេត្តបានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដោយសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិត ទម្លាប់សាធារណៈអោយកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធិភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់ ។ លោកបានបន្តថា៖ ទោះបីការងារប្រយុទ្ធជំងឺគ្រុនចាញ់ កំពុងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធិភាពខ្ពស់យ៉ាងណាក៏ដោយ ក៏យើងត្រូវតែខិតខំបង្កើនល្បឿនទៀតនៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២0១១-២០២៥ ។ ពិសេសត្រូវរួមគ្នាសម្រេចអោយបានជោគជ័យនូវគោលដៅគន្លឹះដូចជា៖ ទី១/ ធានាទាំងប្រសិទ្ធិភាពនិងគុណភាពលើគ្រប់សកម្មភាពយុទ្ធសាស្រ្ត ព្រមជាមួយកិច្ចសហការដៃគូជាតិ-អន្តរជាតិ លើការបន្តប្រតិបត្តការផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ រហូតទទួលបានជោគជ័យទាំងស្រុង។ ទី២/លុបបំបាត់ជំងឺគ្រុនចាញ់ទម្រង់សន្ធំ(ប្រភេទហ្វាល់ស៊ីប៉ារ៉ូម អោយអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២៣ ដោយបញ្ជូនបន្ថែមនូវវិធីសាស្រ្តជំហានចុងក្រោយលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងលេបថ្នាំបង្ការជាមុនចំពោះគ្រប់បុគ្គលដែលនឹងត្រូវធ្វើដំណើរចូលទៅក្នុងតំបន់ប្រឈមការចម្លងជំងឺគ្រុនចាញ់ ចូលរួមគាំទ្រផ្សព្វផ្សាយសារអប់រំសុខភាពទូលំទូលាយតាម បណ្តាញនិងមជ្ឍដ្ឋាន និងទី៣/ គឺលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ទូទាំងស្រុកប្រតិបត្តិអោយអត្រាជំងឺតិចជាង៥,០ករណី ក្នុងចំណោមប្រជាជន១០០០នាក់ នៅឆ្នាំ២០២៣ និងលុបបំបាត់ទាំងស្រុងគ្រប់ទម្រង់គ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥។ លោកអភិបាលរងខេត្តបន្តទៀតថា៖ សូមអោយដៃគូសុខាភិបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ នៅបន្តការសហការណ៍ល្អ បង្កើនការធ្វើតេស្តឈាមអោយបានត្រឹមត្រូវនៅមូលដ្ឋានសុខាភិបាល អ្នកស្ម័គ្រចិត្តភូមិ និងបន្តបង្កើនការអប់រំដល់អ្នកចូលព្រៃ ចំណាកស្រុក ចេញនិងចូលអោយយល់ដឹងពីវិធីការពារជំងឺគ្រុនចាញ់។ មួយវិញទៀតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលមកចូលរួមក្នុងពិធីនេះ ពេលត្រឡប់ទៅវិញជួយផ្សព្វផ្សាយដល់បងប្អូនមិត្តភក្តិអោយយល់ដឹងពីវិធីបង្ការនិងការពារជំងឺគ្រុនចាញ់ ដើម្បីរួមគ្នាសម្រេចបានតាមគោលដៅរបស់ រាជរដ្ឋាភិបាលកម្ពុជា លុបបំបាត់គ្រុនចាញ់អោយបាននៅឆ្នាំ២០២៥។ លោកអភិបាលរងខេត្តក៏បានជំរុញដល់បងប្អូនប្រជាពលនិងសិស្សានុសិស្សទាំងអស់ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមទៅចាក់អោយបាន គ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ ជាពិសេសត្រូវគ្នាអនុវត្ត៣កុំ៣ការពារជានិច្ច៕
បើតាមរបាយការណ៏របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិនបានអោយដឹងថា៖ ទិន្ន័យជំងឺគ្រុនចាញ់ប៉ុន្មានឆ្នាំចុងក្រោយនេះមានការថយចុះគួអោយកត់សំគាល់។ ក្នុងឆ្នាំ២០១៩ មានករណីគ្រុនចាញ់៣៥ករណី ប្រភេទហ្វាល់ស៊ីប៉ារ៉ូម១ករណី, ឆ្នាំ២០២០ មានករណីគ្រុនចាញ់ ១៥ករណី ប្រភេទហ្វាល់ស៊ីប៉ារ៉ូមសូន្យ និងឆ្នាំ២០២១ ករណីគ្រុនចាញ់មាន ៣ករណី ប្រភេទហ្វាល់ស៊ីប៉ារ៉ូមសូន្យ។ ហើយចាប់តាំងពីឆ្នាំ២០១៩មកដល់បច្ចុបន្បន្នគ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ៕