ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបងត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិផងដែរ ដែលមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និង សួនផ្កា ជាដើម។
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនូវទីតាំងសួនផ្កាមួយកន្លែងក្នុងទឹកដីខេត្តបាត់ដំបង ដ៏ស្រស់ត្រកាលមួយនេះ ដែលនៅទីនោះត្រូវបានគេនិយមហៅថា «ចម្ការទំពាំងបាយជូរ និង សួនផ្កាស្រុករតនមណ្ឌល»។
«ចម្ការទំពាំងបាយជូរ និង សួនផ្កាស្រុករតនមណ្ឌល» មានទីតាំងស្ថិតនៅក្នុងភូមិត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលប្រិយមិត្តអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ តាមផ្លូវទៅកាន់ខេត្តប៉ៃលិន។