ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក សំរាប់ឆ្នាំសិក្សា២០២២-២០២៣ នៅអនុវិទ្យាល័យពុទ្ធិក សម្ដេច ហ៊ុន សែន ប៉ៃលិន ស្ថិតនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានមានប្រសាសន៍ថា សមណសិស្ស និង សិស្សដែលបានចូលរួមប្រឡងនាពេលនេះ សរុបមានចំនួន ១៦៩អង្គ/រូប ក្នុងនោះសិស្ស មានចំនួន ៦៩រូប នឹងសមណសិស្សចំនួន ១០០អង្គ។ មុខវិជ្ជាដែលត្រូវប្រឡងទាំងអស់មាន៤មុខ រួមមានៈ ប្រជុំកងធម៌ សាសនសុភាសិត ពុទ្ធប្បវត្តិ និងពុទ្ធវិន័យ។
ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យនាពេលនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ដំណើរការប្រឡងពេលនេះ គឺជាការវាស់ស្ទង់នូវការយល់ដឹង និងសមត្ថភាពរបស់សមណសិស្ស សិស្ស គ្រប់ព្រះអង្គ/រូប ដែលបានឆ្លងកាត់ការសិក្សាក្នុងវិស័យព្រះពុទ្ធសាសនានាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ព្រះសង្ឃជាធនធានរបស់ព្រះពុទ្ធសាសនា និងជាតួអង្គដ៏សំខាន់ក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនខ្មែរយើង។ ព្រះសង្ឃដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងដឹកនាំពុទ្ធបរិស័ទ កសាងនូវសមិទ្ធផលនានា និងការធ្វើបុណ្យទាន រក្សាសីល កាត់បន្ថយនូវអំពើហិង្សា អំពើពាលាផ្សេងៗ នាំមកនូវ ការរីកចម្រើន និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ហើយបានបង្កើតនូវវត្តអារាម សាលាពុទ្ធិកសិក្សា នៅគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាទីសំណាក់ធម៌ និងជាថ្នាលបណ្ដុះបណ្ដាលដល់កូនខ្មែរគ្រប់ជំនាន់។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ជូនក្របខ័ណគ្រប់កម្រិត មន្រ្តី និងគ្រូជាប់កិច្ចសន្យា ដោយទទួលបានប្រាក់និច្ចភត្ត សមរម្យ ៕ អត្ថបទ៖ វួច ពឿន