ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាលសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការពារខ្លួនពីជំងឺកូវីដ-១៩ ការរក្សាសុខភាពផ្លូវចិត្តអោយបានល្អ ក្នុងពេលមានការរាតត្បាតលីជំងឺកូវីដ-១៩ និងវិធីសាស្រ្តកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ព្រមទាំងអ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្តប៉ៃលិន។ ការចុះអប់រំផ្សព្វផ្សាយនេះដឹកនាំដោយឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោក ហង់ ចាន់សូណា ប្រធានការិយាល័យសុខភាពគ្រាអាសន្ន នៃទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
លោក ហង់ ចាន់សូណា បានបញ្ជាក់ថា គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនៅក្នុងពន្ធនាគារខេត្តប៉ៃលិននាពេលនេះ គឺដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់ថ្នាក់ដឹកនាំពន្ធនាគារ មន្ត្រីអនុរក្សពន្ធនាគារ និងអ្នកជាប់ឃុំក្នុងពន្ធនាគារទាំងអស់ ពីវិធានការពារខ្លួនពីជំងឺកូវីដ-១៩ ការរក្សាសុខភាពផ្លូវចិត្តអោយបានល្អ ក្នុងពេលមានការរាតត្បាតលីជំងឺកូវីដ-១៩ និងវិធីសាស្រ្តកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកបានបន្តថា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ មានប្រជាពលរដ្ឋចំនួនបានទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត ភាពតានតឹង និងការថប់អារម្មណ៍ ដែលបណ្តាលមកពីវិប័ត្តក្នុងមុខរបររកទទួលទាន បញ្ហាជីវភាពគ្រួសារ និងបញ្ហាជាច្រើនទៀត។ ទាំងនេះតម្រូវឲ្យមានការពន្យល់ណែនាំ លើកទឹកចិត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងផ្លូវចិត្តរបស់ពួកគាត់។ លោកបានបន្តថា មានរោគសញ្ញាច្រើនដែលបង្ហាញថាប្រជាពលរដ្ឋយើងងខ្លះកំពុងតែមានបញ្ហាសុខភាពផ្លូវចិត្ត ភាពតានតឹង ថប់អារម្មណ៍ ដូចជា មានការឈឺក្បាល រោយស្មានិងក មិនឃ្លានអាហារ និងពិបាកលេបអាហារ ឈឺខ្នង ណែនទ្រូង ឈឺក្រពះ និងសាច់ដុំ។ ចំណែកឯវិធីសាស្ត្រក្នុងការកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្តនេះ គឺយើងត្រូវអនុវត្តនូវវិធីសាស្រ្តដូចជា ធ្វើសមាធិ គេងឱ្យបានគ្រប់គ្រាន់ ធ្វើអ្វីដែលយើងចូលចិត្ត ហាត់ប្រាណប្រចាំថ្ងៃ ចេញទៅក្រៅ ត្រូវសកម្មក្នុងសហគមន៍ បរិភោគអាហារមានសុខភាព ចៀសវាងការ ទទួលទានកាហ្វេ និងគ្រឿងស្រវឹង និយាយជាមួយនរណាម្នាក់។
ឯកឧត្តម ឌិន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានធ្វើការការចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជានៅក្នុងពន្ធនាគារខេត្តប៉ៃលិនបានជាច្រើនលើកមកហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកឈ្នះលើសមរភូមិកូវីដ-១៩ ដោយអត្រាឆ្លងនៃជំងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋកម្ពុជាមានកម្រិតទាប ទោះបីរាជរដ្ឋាភិបាលបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងបើកអោយមានការរៀបចំនូវពិធីបុណ្យផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ការរៀបចំពិធីមង្គលការកូនប្រុស-ស្រី ជាដើម។ តែទោះជាយ៉ាងណាក្តី វិធីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បីកុំ បីការពារ នៅតែត្រូវបានណែនាំឱ្យអនុវត្តឲ្យបានជាប់ជាប្រចាំផងដែរ៕ អត្ថបទ៖ វួច ពឿន AKP ប៉ៃលិន