ខេត្តប៉ៃលិន ៖ គេសង្កេតឃើញនៅក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ខេត្តប៉ៃលិន បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តយ៉ាងច្រើនកុះករគួរឱ្យចាប់អារម្មណ៍ ពោលគឺមានភ្ញៀវក្នុងខេត្ត និងមកពីតាមបណ្តាខេត្តផ្សេងៗច្រើនជាងឆ្នាំមុនៗ ខណៈរដ្ឋបាលខេត្តប៉ៃលិន រៀបចំធ្វើសង្ក្រាន្ត ដើម្បីបង្កភាពសប្បាយរីករាយ។
បើតាមប្រភពព័ត៌មានពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ រហូតមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរចូលមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងទឹកដីនៃខេត្តប៉ៃលិន មានចំនួនសរុប៣៣៤៣៨នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៣៣៤៣៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ០៣នាក់។
លោកបានបន្តទៀតថា គ្រប់រមណីយដ្ឋានទាំងអស់ ដូចជារមណីយដ្ឋានម្លប់សាវម៉ាវ រមណីដ្ឋានចំការខ្នុរ និងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ជាតំបន់ទេសចរណ៍ ដែលមានទឹកជ្រោះ សម្រាប់ភ្ញៀវ ធ្វើការចុះងូតលេងកម្សាន្ត ជាពិសេសភ្ញៀវមកលេងសង្ក្រាន្តប៉ៃលិន មានការកើនឡើងខ្លាំងនៅថ្ងៃទី២នេះតែម្តង។
ហើយតាមរយៈលោក លឹម វាសនា នេះដែរថា លោកបានបន្តការអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ សូមបន្តការចូលរួមអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» ថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ បើទោះបីជាស្ថានភាព នៃការឆ្លងមានភាពធូរស្រាល ដោយសារតែប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងយ៉ាងណាក្តី៕