រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៣ មេសា បានឱ្យដឹងថា សហព័ន្ធបានធ្វើការប្រកាសបញ្ជីឈ្មោះបឋមរបស់ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
យោងតាមការប្រកាសនេះទៀតបានឱ្យដឹងថា មានកីឡាការិនីចំនួន៣៥នាក់មកពីតាមបណ្ដាក្លិបចំនួន៥នៃពានលីគបាល់ទាត់នារីកម្ពុជា ក្នុងនោះមានមកពីក្លិបបឹងកេតចំនួន២នាក់ មកពីក្លិបណាហ្គាវើលដ៍ កំពង់ស្ពឺ៧នាក់ ក្លិបព្រះខ័នរាជស្វាយរៀងចំនួន៨នាក់ ក្លិបភ្នំពេញក្រោនចំនួន១៣នាក់និងក្លិបសៀមរាបអេហ្វស៊ីចំនួន៥នាក់។
លោកប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានឱ្យ ដឹងថា កីឡាការិនីជម្រើសជាតិទាំង៣៥នាក់នេះទៀតត្រូវធ្វើតេស្តជា២តំណាក់កាល ហើយត្រូវឆ្លងកាត់ការហ្វឹកហាត់រយៈពេល១៥ថ្ងៃមុននិងធ្វើតេស្តជាលើកទី១ ដើម្បីតាមដានសង្កេតឱ្យបានត្រឹមត្រូវច្បាស់លាស់ ហើយជម្រុះមកនៅ២៥នាក់។ សម្រាប់កីឡាការិនីទាំង២៥នាក់នេះទៀតត្រូវបន្តតាមដានបន្ថែមទៀត ដើម្បីធ្វើការជម្រុះឱ្យមកនៅត្រឹម២០នាក់ចុងក្រោយ ១ថ្ងៃមុនចេញទៅចេញទៅប្រទេសវៀតណាម។
ទន្ទឹមជាមួយគ្នានេះដែរ ការចាប់ឆ្នោតចែកពូលបាល់ទាត់នារីក៏ត្រូវបានធ្វើឡើងរួចរាល់អស់ហើយដែរ ដោយក្រុមបាល់ទាត់ជ្រើសជាតិកម្ពុជានៅជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ហ្វីលីពីននិងឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២២ ។ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកដំបូងនៅថ្ងៃទី៩ ឧសភា ជាមួយក្រុមជម្រើសជាតិហ្វីលីពីន ប៉ះជាមួយក្រុមឥណ្ឌូនេស៊ីនៅថ្ងៃទី១១ និងចុងក្រោយប៉ះម្ចាស់ផ្ទះវៀតណាមនៅថ្ងៃទី១៤ ឧសភា៕