ប៉ៃលិន៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ខ្លួន នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់។
ក្រោយពីបានស្តាប់ការលើកឡើងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមាន ប្រសាសន៍ថា៖ រាល់បញ្ហាប្រឈមដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោល នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្តដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា។ លោកជំទាវអភិបាលខេត្តបានគូស បញ្ជាក់ផងដែរថា៖ ជាមួយគ្នានោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះរដ្ឋបាលខេត្តប៉ៃលិនរៀបចំសង្ក្រាន្តឆ្នាំថ្មីដូចនេះ សូមអោយគ្រប់ថ្នាក់ដឹកនាំមន្ទីរអង្គភាពអង្គភាពជុំវិញខេត្ត ត្រូវចូលរួមតុបតែងតាមបណ្តាមន្ទីរវិស័យអោយបាន សមរម្យដើម្បីទទួលទេវតាឆ្នាំថ្មី។ ជាពិសេសសូមអោយថ្នាក់ដឹកនាំមានសមត្ថកិច្ចទាំងបីប្រភេទរួមមាន ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្ត សូមរក្សាការពារអោយ បាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមទីវត្តអារាម រមណីយដ្ឋាន កន្លែងកំសាន្ត ជាពិសេសកន្លែងប្រារព្ធពិធីនៅជុំវិញវិមានឯករាជ្យខេត្តអោយបានល្អផងដែរ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវមានឆន្ទៈមោះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ ។ ហើយដោយសារបញ្ហាកូវីត ក៏បានធ្វើអោយយើងខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីអស់រយះពេល ២ឆ្នាំកន្លងមកដែរ តែដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ បានទប់ស្កាត់ការរីករាលដាលនូវជម្ងឺ កូវីតមួយនេះបាន ទើបឆ្នាំនេះយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បាននៅទូទាំង ប្រទេស អរគុណនូវសន្តិភាព។
ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមាន សុវត្តិភាព នៅតាមមូលដ្ឋានមានប្រសិទ្ធភាព និងការអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀតផង៕