នៅថ្ងៃទី0៩ ខែមេសាឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលអញ្ជើញមកពី៤ភូមិរួមមានភូមិបុស្អំ ភូមិដូង ភូមិក្ងោក និងភូមិតាង៉ែនក្រោម ដែលស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ឯកឧត្តមតំណាងរាស្ត្របានថ្លែងថា មានសន្តិភាពទើបមានការអភិវឌ្ឍន៍ សន្តិភាពដែលបានមកជាង៤០ឆ្នាំនេះ គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះដើម្បីឲ្យប្រទេសជាតិមានសន្តិភាពបន្តទៀតនោះ គឺយើងត្រូវតែគាំទ្រសម្ដេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិខាងមុខនេះជាបន្តទៀត។ ឯកឧត្តម តំណាងរាស្ត្រ បានថ្លែងបែបនេះ នៅក្នុងពិធីចែកអំណោយសប្បុរសធម៌របស់លោក ស៊ុន អានស្រេង និងអ្នកអណិកជនរស់នៅសហរដ្ឋអាមេរិក ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីចែកអំណោយនេះដែរ មានការចូលរួមពីលោក លោកស្រីប្រធានក្រុមការងារចុះជួយភូមិ លោក លោកស្រី និងអាជ្ញាធរភូមិ ឃុំ ចូលរួមជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ បានផ្ដាំផ្ញើសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោកតែងតែគិតគូដល់ប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានទាំងអស់ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោក ស៊ុន អានស្រេង និងអ្នកអណិកជនរស់នៅសហរដ្ឋអាមេរិក ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ នាពេលនេះ គឺបង្ហាញពីទឹកចិត្តស្រឡាញ់បងប្អូនប្រជាពលរដ្ឋមិនអាចកាត់ថ្លៃបាន និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងបរិបទកូវីដផងដែរ។ ជាមួយគ្នានោះឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមចូលរួមអនុវត្តឲ្យបាន នូវវិធានរបស់ក្រសួងសុខាភិបាល និងអភិក្រមរបស់សម្ដេច ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីរួមគ្នាកាត់ផ្ដាច់ការចម្លងនៅជំងឺកូវីដ-១៩ ។
លោក ស៊ុន អានស្រេង និងអណិកជនសហរដ្ឋអាមេរិក ម្ចាស់អំណោយ បានគោរពថ្លែងអំណរដល់ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រខេត្តប៉ៃលិន ដែលបានអញ្ជើញផ្តល់កិត្តិយសក្នុងការចូលរួមចែកអំណោយបងប្អូនប្រជាពលរដ្ឋហើយការដែលលោកនិងគ្រួសារធ្វើអំណោយនេះឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារខ្វះខាតមួយចំណែកតូចក្នុងបរិបទកូវីត ក៏ដូចជាទឹកចិត្តអាណិតស្រលាញ់បងប្អូនក្នុងនាមខ្មែរដូចគ្នា ហើយដោយទឹកចិត្តស្រលាញ់នឹករលឹកពីក្រុមគ្រួសារលោកពីក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ផងដែរថា៖ អំណោយសប្បុរសធម៌ដែលចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលអញ្ជើញមកពី ៤ភូមិ រួមមាន៖ ភូមិបុស្អំ ភូមិដូង ភូមិក្ងោក និងភូមិតាងែនក្រោម ស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដែលអំណោយរួមមាន៖ ត្រីខ ទឹកត្រី ទឹកផ្លែឈើ សារុងមួយ អង្ករ ២០គីឡូក្រាម និងថវិកា២ម៉ឺនរៀល៕