(ឡុងដ៍)៖ ខ្សែបម្រើក្លិប Arsenal កីឡាករ Thomas Partey នឹងត្រូវអវត្តមានពីការប្រកួត បន្ទាប់ពីមានរបួសភ្លៅនៅក្នុងការបរាជ័យរបស់ពួកគេ ក្រោមថ្វីជើងក្រុម Crystal Palace។ នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។
កីឡាករលំដាប់អន្តរជាតិរបស់ហ្គាណារូបនេះ ត្រូវបានប្តូរចេញពីការប្រកួតនៅក្នុងតង់ទី២ នៃការប្រកួតចាញ់ ៣-០ កាលពីថ្ងៃចន្ទ ស្របពេលដែលអ្នកចាត់ការ Mikel Arteta បានលើកឡើងថា គាត់បានមានបញ្ហានៅតំបន់ដដែលនៃរបួសចាស់របស់លោក។
ការរងរបួសនេះ គឺជាបញ្ហាធំមួយសម្រាប់ក្លិបដែលស្ថិតនៅភាគខាងជើងទីក្រុង London ដែលបានបាត់បង់ខ្សែការពារផ្នែកខាងឆ្វេង Kieran Tierney សម្រាប់រយៈពេលដែលនៅសល់ក្នុងរដូលកាលនេះ ដោយសារកីឡាករសញ្ជាតិស្កុតឡេនរូបនេះ ត្រូវការការវះកាត់ជង្គង់ខាងឆ្វេងរបស់គាត់។
ក្លិប Arsenal កំពុងឈរនៅលំដាប់ទី៥ ក្នុងតារាង Premier League ជាមួយនឹង ៥៤ពិន្ទុ និងនៅសល់ការប្រកួត ១លើកក្នុងដៃទៀត ហើយពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton & Hove Albion នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕