ប៉ៃលិន៖ សម្តេចពិជ័យសេនា ទា បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយទាហានទាំងអស់ ត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ »»។
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទា បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា ឧបត្ថម្ភជូនដល់នាយ និងពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាពដែលឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥ និងគណៈបញ្ជាការ កងឯកភាពទិស ជាច្រើនអង្គភាពក្នុងខេត្តប៉ៃលិន។ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យនិង ខេត្តពោធិសាត់។
ថ្លែងទៅកាន់នាយ និងពលទាហាន នៅឯទីបញ្ជាការយោធភូមិភាគទី៥ នាឱកាសនោះសម្តេចពិជ័យសេនា ទា បាញ់ បានបន្តថា៖ នយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមរតក ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ ដែលបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន។
នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទា បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពចំណុះឱ្យយោធភូមិភាគទី៥ សម្រេចបានក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូន កូនក្មួយ ជំនាន់ក្រោយ។
សម្តេចពិជ័យសេនា ទា បាញ់ បានមានប្រសាសន៍បញ្ជាក់ថា៖ រយៈពេលជាង២៣ឆ្នាំកន្លងមកនេះ ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដី ហើយបើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិ របស់សម្ដេចតេជោ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះៗ ទាំងអស់គ្នា។ បន្ថែមពីនេះ សម្តេចពិជ័យសេនា ទា បាញ់ បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។
សម្តេចពិជ័យសេនា ក៏បានមានប្រសាសន៍ណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ឱ្យបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាល ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបន្តការរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅលើសកលលោក និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធាការសុខាភិបាល «៣កុំ និង៣ការពារ» ក្រោមទិសស្លោកថា «ការពារខ្លួនអ្នក គឺការពារគ្រួសារនឹងមិត្តក្នុងសហគមន៍»។
បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានអោយដឹងថា៖ ដោយអនុវត្តន៍បាននូវយុទ្ធសាស្រ្ត០៣ សកម្មភាព១០ និងបទបញ្ជា១១ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញកន្លងមក ហើយរហូតមកដល់ពេលនេះ យើងមានការទំនាក់ទំនងបានកាន់តែល្អ ជាមួយភាគីកងកម្លាំងថៃ ដោយបានប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដោយសារបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ឱ្យក្លាយជាតំបន់ព្រំដែន មានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព៕