ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រសួងផែន ការសហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ *ការយល់ដឹងអំពីសារៈ សំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក * និងពង្រឹងការអនុវត្ដខ្លឹមសារប្រកាសអន្តរក្រសួង លេខ ០៤៨ ក.ជ.អ.ជ ស្តីពី ការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ក្រោមអធិបតីភាពឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន និងឯកឧត្តម ម៉ម បូរ៉ាត់ ទីប្រឹក្សាក្រសួងផែនការ និងជាតំណាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងដែលមានសិក្ខាកាមអញ្ជើញមកពីតាមបណ្ដាមន្ទីរវិស័យនានាជុំវិញខេត្តប៉ៃលិន រដ្ឋបាលក្រុង ស្រុក អាជីវករ និងតំណាងម្ចាស់សហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ ក្នុងខេត្តប៉ៃលិនបានចូលរួមផងដែរ។
ឯកឧត្តម ម៉ម បូរ៉ាត់ ទីប្រឹក្សាក្រសួងផែនការ បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា នាពេលនេះ ធ្វើឡើងក្នុងគោលដៅកាត់បន្ថយភាពស្លេកស្លាំងដោយសារ កង្វះជាតិដែក និងដើម្បីចូលរួមចំណែកលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុង គោលបំណងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់ភាពអត់ឃ្លាន ដោយមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ។ បើទោះបីព្រះរាជាណាចក្រកម្ពុជាសម្រេច បាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ របស់មាតា និងទារកយ៉ាងណាក៏ដោយ ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាស្ថិតនៅជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ជារៀងរាល់ឆ្នាំជិតមួយភាគបី ឬប្រមាណ៤.៥០០ករណី នៃមរណៈភាពកុមារសរុប នៅកម្ពុជា មានទំនាក់ទំនងជាមួយនឹងបញ្ហា កង្វះអាហាររូបត្ថម្ភ។ លើសពីនេះទៀត មានកុមារអាយុក្រោម ៥ឆ្នាំចំនួន ៣២នាក់ក្នុងចំណោម១០០នាក់ ឬស្មើនឹង៣២% មានបញ្ហាក្រិសក្រិន ដែលជាអត្រាមួយមានកម្រិត ខ្ពស់បំផុត។ ជាមួយគ្នាផងដែរ បញ្ហាកង្វះមីក្រូសារជាតិរួមមាន កង្វះជាតិស័ង្កសី ជាតិដែក និងជាតិអ៊ីយ៉ូដ… ។ល។ នៅតជាបញ្ហាចំបងចំពោះសុខភាពសាធារណៈនៅកម្ពុជា។ បញ្ហាកង្វះអាហារូបត្ថម្ភទាំងនេះ មិនត្រឹម តែធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍផ្នែករាងកាយ និងសតិបញ្ញា ស្មារតីរបស់កុមារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតភាពការងារ ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិរបស់ប្រទេសថែមទៀតផង។
មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិនបានសំដែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម ក្នុងការរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដែលស្របតាមគោលការណ៍ចូលរួមជាសាធារណៈ របស់ផែនការរូបនីយកម្មនៃការគ្រប់គ្រង និងអភិវឌ្ឍន៍សង្គមជាតិ ក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី ដែលមាន ផ្នែករដ្ឋ និងផ្នែកឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការរួមដៃ រួមចិត្ត រួមគិតគូរ រួមគ្នាអនុវត្ត និងទទួលខុស ត្រូវតាមតួនាទីរៀងៗខ្លួន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បញ្ហាកង្វះអាហារូបត្ថម្ភ គឺជាលទ្ធផលនៃកិច្ចដំណើរការសង្គម និងជីវសាស្ត្រជាច្រើន ពោលគឺពុំ មានមូលហេតុចំបងណាមួយ ដែលអាចធ្វើការដោះស្រាយផ្លូវតែមួយបានឡើយ ។ យោងតាមលទ្ធផលនៃការ វិភាគមូលហេតុនៃស្ថានភាពកង្វះអាហារូបត្ថម្ភ បានបង្ហាញឱ្យឃើញថាស្ត្រី និងកុមារ គឺជាក្រុមដែលងាយ រងគ្រោះដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ។ នៅក្នុងបរិបទនេះ បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ ដូចជា កង្វះជាតិដែក និងបញ្ហាកង្វះវីតាមីនពី A – Z គឺជាបញ្ហា ចំបងមួយក្នុងបញ្ហាចំបងផ្សេងៗទៀតគឺ កង្វះប្រូតេអ៊ីន ថាមពល និងកង្វះជាតិអ៊ីយ៉ូដ…។ល។ (អត្ថបទ៖ វួច ពឿន AKP ប៉ៃលិន)