ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាង ជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញ ភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។
ជាក់ស្តែងកន្លងមកមានប្រិយមិត្តមួយចំនួនបានដឹង និងមួយចំនួនទៀតពុំបានដឹង ពីអច្ឆរិយភាពមួយ ពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលធ្វើឱ្យគ្រប់គ្នា លាន់មាត់កោតសរសើរ ដូនតាខ្មែរជំនាន់ដើម ដែលជាអ្នកស្ថាបនិកប្រាង្គប្រាសាទគឺមានគំនិតច្នៃប្រឌិតខ្ពស់ និង មានការគិតគ្រប់ជ្រុងជ្រោយគ្មានចន្លោះកន្លែងណាឡើយ ដោយសូម្បីតែចំណុចតូចមួយនេះក៏ពួកគាត់មិនរំលងដែរ ។
ជាការពិតណាស់ លក្ខណៈពិសេស និង អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលដែលដូនតាបានបន្សល់ទុកនោះ គឺតាមរយៈស្រមោលនៃចម្រឹងបង្អួចរបស់ប្រាសាទអង្គរវត្តខ្មែរយើងតែម្តង ដែលយើងគ្រប់គ្នាសឹងតែមិននឹកស្មានសោះថា បុព្វបុរសខ្មែរយើងអាចគិតបានដិតដល់ខ្លាំងបែបនេះឡើយ ។ បើពិនិត្យមើលឱ្យមែនទែន យើងនឹងបានឃើញស្រមោលជាប្រាសាទកំពូល ៣ និង កំពូល ៥ របស់តួប្រាសាទតែម្តង ដែលជះចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តយ៉ាងច្បាស់នឹងភ្នែក ។
ភាពអស្ចារ្យមួយនេះ គឺជាគំនិតច្នៃប្រឌិតដ៏ខ្ពស់ ល្អអស្ចារ្យរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅតាំងពីសម័យបុរាណ ហូតមកដល់បច្ចុប្បន្ននេះ ហើយចំពោះចំណុចដែលរឹតតែល្អឯក និង ពិសេសទៀតនោះគឺស្រមោលនៃចម្រឹងបង្អួចដែលយើងឃើញបានបង្ហាញយ៉ាងច្បាស់ពីកំពូលប្រាសាទឆ្លាស់គ្នាមានសណ្ឋានដូចតួប្រាសាទធំយ៉ាងប្រណីត និង ពោរពេញទៅដោយក្បូរក្បាច់រចនាដ៏ល្អល្អះ ។ នេះពិតជាអច្ឆរិយភាពដែលគួរឱ្យស្ញប់ស្ញែង ដែលមនុស្សធម្មតានឹកស្មានមិនដល់ ដែលសូម្បីតែចម្រឹងបង្អួចក៏មានបង្កប់នូវអាថ៌កំបាំងនៃលក្ខណៈវិសេសវិសាលមិនអាចកាត់ថ្លៃបាន ៕