ទឹកដីខេត្តសៀមរាប មិនត្រឹមតែជាទីស្ថានសម្បូរទៅដោយប្រាង្គប្រាសាទនោះទេ ថែមទាំងសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀតផង ដែលទើបតែបង្កើតថ្មីៗ ដែលក្នុងនោះមានទាំងភូមិឋានស្នាក់នៅតាមបែបស្រុកស្រែចម្ការ តំបន់លម្ហែបែបមាត់ទឹក និង បែបវាលស្រែធម្មជាតិទៀតផង ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និង ថតរូបលេង កម្សាន្តថ្មីមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលនៅទីនោះត្រូវបានគេនិយមហៅថា «ស្ពានពស់ អូរមានជ័យ»។
ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប «ស្ពានពស់ អូរមានជ័យ» ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង។
មិនតែប៉ុណ្ណោះ ទីតាំងដ៏ស្រស់ត្រកាលខាងលើ ច្នៃឡើងដោយមានប្លង់ថតរូបស្អាតៗជាច្រើន ស័ក្តិសមសម្រាប់អ្នកចូលចិត្តថតរូបបែបគូស្នេហ៍ មិត្តភក្តិ គ្រួសារ និង Pre-Wedding ជាដើម ខណៈដែលទីស្ថានលម្ហែមួយនេះ ទើបតែរចនាឡើងរួចរាល់ថ្មីៗពុំសូវមានអ្នកបានដឹងឡើយ។ដោយឡែក ដើម្បីទៅដល់ទីស្ថានមួយនេះ ប្រិយមិត្តគប្បិជិះទៅពីប្រាសាទបឹងមាលា ប្រហែល ៥ គីឡូ ដោយនៅខាងឆ្វេងដៃ មានខ្លោងទ្វារសាលាបឋមសិក្សាអូរមានជ័យ ជិះចូលតាមខ្លោងទ្វារសាលា ជិះត្រង់តំរង់ទៅរកជើងភ្នំតែម្ដង៕