នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានរៀបចំបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីយភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែមានគុណភាព និងកិត្យានុភាពក្នុងការចូលរួមគ្រប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ជាក់ស្តែងជម្រុញបង្កើនសមត្ថភាព ថាមពល សុខភាព និងទេពកោសល្យរបស់កីឡាករ កីឡាការិនី។ ឯកឧត្តមបានបន្តថា៖ ការភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡានៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្ត យើងសង្កេតឃើញថាមានការប្រែប្រួលដូចជាការចូលរួមកាន់តែច្រើនក្រុម ច្រើនប្រភេទវិញ្ញាសា មានសុជីវធម៌ សីលធម៌ និងប្រកបដោយកាយសម្បទាមាំមួន សុខភាពល្អ ប្រាជ្ញាឈ្លាសវៃ មានស្មារតីរហ័សរហួន មានទំនាក់ទំនងល្អ មានសាមគ្គីភាព ភាតរភាព ចេះយោគយល់គ្នា និងមានអធ្យាស្រ័យល្អ ចេះស្គាល់ចិត្តថ្លើមគ្នារវាងកីឡាករកីឡាការិនី ទាំងក្នុងខេត្ត និងក្រៅខេត្ត។
ឯកឧត្តមបានទៀតបន្តថា៖ ពីរឆ្នាំកន្លងមកនេះយើងស្ថិតនៅក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្ដាលឱ្យយើងមិនអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអ្វីៗបានទាំងអស់ គឺកាលៈទេសៈនោះយើងរួមគ្នាទប់ស្កាត់ការចម្លងមេរោគដ៏សាហាវមួយនេះ គឺមិនអាចជួបជុំបានទេ មិនថាឡើយព្រឹត្តិការណ៍កីឡាពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យផ្សេងៗក៏មិនអាចជួបជុំបានដែរ ប៉ុន្តែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នាមកដល់ពេលនេះទទួលបានការចាក់បីដូស និងបួនដូស បង្កើតបានជាភាពស៊ាំក្នុងសហគមន៍គួរជាទីទុកចិត្ត។ ហើយយើងមិនភ្លេចអនុវត្តវិធានការសុខាភិបាល ពិសេសវិធានការ៣កុំ៣ការពារ ជាក់ស្ដែងការរៀបចំប្រកួតនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតគឺវិធានការការពារទប់ស្កាត់ការចម្លងឬរាលដាលនៃជំងឺកូវីដ-១៩(អូមីក្រុង) ដោយមិនអាចប្រមូលកីឡាករមកជួបជុំជិតច្រើននាក់បានទេ។ ឯកឧត្តមបានបន្តទៀតថា៖ ព្រឹត្តិការណ៍ប្រកួតនេះគឺជាចលនាខ្លាំងក្លារបស់វិស័យកីឡាក្នុងការលើកកម្ពស់សុខមាលភាព សាមគ្គីភាព មិត្តភាព ការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនដើម្បីកសាងយុវជនជាប្រជាពលរដ្ឋល្អ ប្រកបដោយថាមពលមាំមួន ឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ សូមក្មួយៗកីឡាករកីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំប្រកួតប្រជែងដើម្បីដណ្ដើមជើងឯកប្រចាំខេត្ត ទោះបីជាចាញ់ឬឈ្នះយ៉ាងណាក៏ដោយសូមក្មួយៗកីឡាករកីឡាការិនីត្រូវរក្សាសាមគ្គីភាព មិត្តភាព ភាតរភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកសាងវប្បធម៌នៃការរស់នៅ ប្រកបដោយសុខុដុមរមនាលើទឹកដីសន្តិភាពរបស់យើងដែលមានស្រាប់នេះ។
តាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឲ្យដឹងថា៖ សមាសភាពក្រុមកីឡាករកីឡាការិនីបឋមសិក្សាចូលរួមប្រកួតថ្នាក់ខេត្តឆ្នាំសិក្សា២០២១-២០២២ រួមមាន៖បាល់ទាត់ប្រុស/ស្រីចំនួន ០៧ក្រុម , បាល់ទះប្រុស/ស្រីចំនួន ០៥ក្រុម , បាល់បោះប្រុស/ស្រីចំនួន ០៤ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម សរុបមានកីឡាករចំនួន៣១៤នាក់ ស្រី ១៥៧នាក់។ សមាសភាពក្រុមកីឡាករកីឡាការិនីមធ្យមសិក្សាចូលរួមប្រកួតថ្នាក់ខេត្តឆ្នាំសិក្សា២០២១-២០២២ រួមមាន៖ បាល់ទាត់ ១០ក្រុម ស្រី ៥ក្រុម , បាល់ទះ ០៦ក្រុម ស្រី ០៣ក្រុម , បាល់បោះ ០៦ ក្រុម ស្រី០៣ក្រុម និងអត្តពលកម្ម ១២ក្រុម ស្រី ០៦ក្រុម សរុបរួមមានកីឡាករចំនួន ៥២៨នាក់ ស្រី ២៥២នាក់។ លោកបន្តទៀតថា៖ ការប្រកួតនេះមានរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី០៥ ខែមេសាឆ្នាំ២០២២ ហើយនៅពេលបញ្ចប់ការប្រកួតនេះមន្ទីរនឹងបញ្ជូនកីឡាករបឋមសិក្សាគ្រប់វិញ្ញាសាចំនួន ១០៨នាក់ ស្រី ៥៤នាក់ ចូលរួមប្រកួតនៅភ្នំពេញចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ តទៅ៕