អ៊ុំស្រី យ៉ង យ៉ាវ ជាកសិកររស់នៅភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានបទពិសោធន៍ល្អ ក្នុងការដាំសណ្តែកទ្រើងយូរឆ្នាំកន្លងមកហើយ ដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ។ ក្រោយពីដាំបានរយៈពេល ២,៥ ខែ គាត់ប្រមូលផលបាន ៣០០ គីឡូក្រាមលើផ្ទៃដី ២ អារ ។ ចំណូលពីការលក់សណ្តែកទ្រើងបាន ៦០០.០០០រៀលដោយមិនគិតពីការបរិភោគក្នុងគ្រួសារ និងចែកអ្នកជិតខាង ។ ចំពោះបទពិសោធន៍នៃការដាំសណ្តែកទ្រើងបង្ហាញជូនដូចខាងក្រោម :
១-ការរៀបចំដី
ក្នុងការដាំសណ្តែកទ្រើង គាត់បានរៀបចំដីដោយកាប់បំផុសចំនួន ៣ដង ។ លើកទី១ កាប់ហាលរយៈពេល ៧ ថ្ងៃ ។ លើកទី២ កាប់ដីបំផុសឡើងវិញទុករយៈពេល ៣ ថ្ងៃ និងលើកទី៣ កាប់ធ្វើរងដែលមានទទឹង ០,៧តឹក និងបណ្តោយ ១៦ ម៉ែត្រ ។ នៅលើផ្ទៃដីចំនួន ២ អារ គាត់លើករងបានចំនួន ១៦ រង រួចយកជីលាមកសត្វពុកផុយ ឬជីកំប៉ុស្តទៅរោយលើរងឲ្យសព្វកាប់ បញ្ចូលក្នុងរងដោយក្នុង ១ រង គាត់ដាក់ជីកំប៉ុស្ត ប្រមាណ ១០ គីឡូក្រាម(ជីកំប៉ុស្តគាត់ផ្សំឡើង ពីលាមកគោ ទន្ទ្រានខែត្រផេះបានមកពីការ ដុតស្លឹកឈើងាប់ៗ ។
២-ការត្រៀមគ្រាប់ដាំ និងការដាំ
មុនដាំ គាត់បានយកគ្រាប់ទៅត្រាំទឹកក្តៅឧណ្ហៗ ទុករយៈពេល ១៥នាទី ទើបយកទៅត្រាំ ទឹកធម្មតា ១ យប់ ។ គាត់បានយកគ្រាប់ដែលត្រាំមកខ្ចប់នឹងក្រណាត់ទៅកប់ក្នុងដីសើម ជំរៅ ៤ តឹក ទុករយៈពេល ១ យប់ទើបយកគ្រាប់ទៅដាំលើរងដែលបានរៀបចំហើយជាស្រេច ។ គាត់ដាំសណ្តែកជា ២ ជួរ ហើយចន្លោះពីគុម្ពមួយទៅមួយ ៣ តឹក ដោយក្នុងមួយរណ្តៅដាក់ដាំ ២គ្រាប់ ។ មុនដាំ គាត់ស្រោចទឹកឲ្យជោគលើរងដើម្បីកុំឲ្យដីហាប់ពេកងាយស្រួលកប់ គ្រាប់ក្នុងដី ។
៣-ការថែទាំ
ក្រោយពីកប់គ្រាប់ដាំហើយ គាត់កាត់កំទេចចំបើងរោយពីលើ ដើម្បីការពារកុំឲ្យឆាប់ហួរសំណើម ។ ការស្រោចទឹកធ្វើឡើងរាល់ពីរថ្ងៃម្តង ។ បន្ទាប់ពីដាំបានរយៈពេល ៣ថ្ងៃសណ្តែកចាប់ផ្តើមដុះពន្លក បែកសន្លឹកពីរ គាត់ចាប់ផ្តើមជ្រុំដីដកស្មៅ ។ ក្រោយពីដាំបាន ១៥ ថ្ងៃ គាត់បានរៀបចំដោតទ្រើង(ជ្រលង់) ដែលមានកំពស់ ៣ ម៉ែត្រ ដើម្បីឲ្យដើមសណ្តែកតោងឡើង ។ នៅពេលសណ្តែកអាយុ បាន ២៥ ថ្ងៃ គាត់ជ្រុំដីដកស្មៅ ដោយកាប់ជាចង្អូរកណ្តាលរង រួចដាក់ជីលាមកគោ មាន់ ទា (ពុកផុយ) ចំនួន ៣០ គីឡូក្រាម ក្នុង ១រង ។
ក្នុងការដាំ គាត់ជួបបញ្ហាសត្វបំផ្លាញដូចជាចៃ ។ ចំពោះវិធីការពារ គឺគាត់បានប្រើថ្នាំពុលផ្សំពីរុក្ខជាតិ និងស្រោចទឹកជីបំប៉ន ។
– ថ្នាំពុលផ្សំពីរុក្ខជាតិផ្សំឡើងពី : ស្មៅប្រម៉ាត់មនុស្ស ៣ គីឡូក្រាម វល្លិ៍កំបោរ ៣ គីឡូក្រាម មើមក្តួច ៣ គីឡូក្រាម មើមប្រង់ ៣គីឡូក្រាម វល្លិ៍ខ្នុរ ៣ គីឡូក្រាម ម្ទេស០,៣ គីឡូក្រាម ស្លឹកម្រុំ ១ គីឡូក្រាម ប្រេងកាត ០,៥ លីត្រ ដើមស្លាក់ ២ គីឡូក្រាម និងទឹក ១០ លីត្រ ។
+ របៀបផ្សំ : យកសារធាតុផ្សំខាងលើទៅដាក់ត្រាំក្នុងពាងរយៈពេល ២០ ថ្ងៃ ។
+ របៀបប្រើ : ក្រោយពីផ្សំបានរយៈពេល ២០ ថ្ងៃ យកទឹកថ្នាំ ៣ លីត្រ លាយទឹកធម្មតា ៥លីត្រ ។អាចប្រើទៅលើដំណាំដូចជា សណ្តែកទ្រើង ប៉េងប៉ោះ ននោង ត្រសក់ ជាដើម ។
- ប្រភេទជីទឹកដែលគាត់ប្រើផ្សំឡើងពី : លាមកគោ ៣ គីឡូក្រាម ស្លឹកទន្ទ្រានខែត្រ ១០គីឡូក្រាម លាមកមាន់ ៣គីឡូក្រាម និងទឹក ១០លីត្រ ។ យកសារធាតុទាំងបីមុខនេះ ទៅដាក់ត្រាំនៅក្នុងពាងរយៈពេល ១៥ថ្ងៃ ។
+ របៀបប្រើ : ក្រោយពីត្រាំបានរយៈពេល ១៥ថ្ងៃ យើងអាចយកទៅប្រើបានដោយយកទឹកជី ចំណុះ១លីត្រ ស្រោចទៅលើដំណាំរាល់៧ថ្ងៃម្តង ។
៤-ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ២,៥ខែ សណ្តែកអាចប្រមូលផលបាន ។ ក្នុងការប្រមូលគាត់មានវិធីបេះសណ្តែកកុំឲ្យស្វិត ដោយបេះទាំងសណ្តង់ មួលឲ្យដាច់តែម្តង ។ ការបេះប្រមូលផលធ្វើឡើងជាច្រើនសារ ។ នៅលើផ្ទៃដី ២ អារ គាត់ប្រមូលផលបាន ១៥-២០ គីឡូក្រាមក្នុងមួយសារសរុប ៩០ គីឡូក្រាម ដោយក្នុង ១គីឡូក្រាមគាត់លក់បានតំលៃ ១.៨០០រៀល ។ ទឹកប្រាក់សរុបដែលគាត់លក់បានក្នុងមួយរដូវ ៦០០.០០០រៀលដោយមិនបានគិតពីការផ្គត់ផ្គង់ក្នុងគ្រួសារទេ ។
៥-ចំណាប់អារម្មណ៍
លោកអ៊ុំមានចំណាប់អារម្មណ៍ថា ការដាំសណ្តែកនេះមានការងារ ស្រួលដាំ ប៉ុន្តែត្រូវការថែទាំដើម្បីកុំឲ្យកើតជំងឺ ។ ម្យ៉ាងទៀតការប្រើជីធម្មជាតិ និងថ្នាំពុលផ្សំពីរុក្ខជាតិ ធ្វើឲ្យសណ្តែកមានផ្លែវែងថ្លោស និងខ្ចីល្អ ហើយមិនមានការបំផ្លាញពីសត្វល្អិត ។ លើសពីនេះទៅទៀត គាត់មានអារម្មណ៍សប្បាយរីករាយនៅពេលទទួលបាននូវប្រាក់ចំណូលច្រើន ។
សរុបមកបច្ចេកទេសសំខាន់ៗ ក្នុងការដាំសណ្តែកទ្រើងមាន :
- កាប់បំផុសដីច្រើនសា និងហាលដីឲ្យស្ងួតល្អ ។
- ប្រើជីកំប៉ុស្តដាក់ទ្រាប់បាតរណ្តៅនៅពេលដាំ និងដាក់នៅតាមចន្លោះរងព្រមទាំងប្រើជីទឹកបំប៉ន ។
- ត្រៀមគ្រាប់ដាំ ដោយត្រាំទឹកក្តៅឧណ្ហៗ ហើយខ្ចប់ក្រណាត់កប់ក្នុងដីដើម្បីឲ្យគ្រាប់ឆាប់ដុះពន្លក ។
- ស្រោចទឹកលើរងឲ្យជោគមុនដាំ ដើម្បីកុំឲ្យហាប់ដីងាយស្រួលកប់គ្រាប់ដាំ ។
- ថែទាំដកស្មៅ ជ្រុំដីឲ្យធូរ ដោតទ្រើង និងប្រើថ្នាំផ្សំពីរុក្ខជាតិដើម្បីកំចាត់សត្វល្អិត ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)