មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់អាណត្តិទី៣ នៅសាលប្រជុំមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម រាម សុមាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញដល់សមាជិក សមាជិកាក្រុមប្រឹក្សានៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបំរើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានបន្តថា៖ កិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំ២០២១ បានផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបានចែករំលែកមេរៀន បទពិសោធន៍ល្អៗ ព្រមទាំងបានកំណត់ទិសដៅការងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២២ ក្នុង គោលបំណងលើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំងខេត្ត។ ឯកឧត្តមក៏បានកោតសរសើចំពោះ សាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគម នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលបំណង និងទិសដៅរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តប៉ៃលិន ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អង្គ អភិបាលកិច្ចនៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តប៉ៃលិនអាណត្តិទី៣ នេះ នឹងខិតខំ ប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិករបស់ខ្លួន។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះសូមស្នើឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តប៉ៃលិន បន្តការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសមាជិក កំពុងជួបប្រទះក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
បើតាមលោក សួន ប៊ុនសង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់អាណត្តិទី៣បានអោយដឹងថា៖ក្នុងអាណត្តិទី៣នេះសមាគមបានបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចតាមរចនាសម្ព័ន្ធដូចខាងក្រោម រួមមាន៖ ក្រុមប្រឹក្សាសមាគម មានចំនួន៤១ រូប មានស្រ្តី ១២រូប។ គណៈកម្មាធិការប្រតិបត្តិមានចំនូន ២៧រូប មានស្រ្តី១០រូប។ ថ្នាក់ដឹកនាំសមាគម មានចំនួន ០៧រូប មានស្រ្តី ០២រូប។ លោកបានបន្តថា៖ ផែនការយុទ្ធសាស្រ្ត របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តប៉ៃលិន ០៥ឆ្នាំ(២០២០-២០២៤) មាន០៧ចំនុចសំខាន់ៗ៖ ទី១. ការពង្រឹងស្ថាប័នរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ , ទី២. ចីរភាពហិរញ្ញវត្ថុរបស់សមាគម ,ទី៣. ការអភិវឌ្ឍសមត្ថភាពដល់សមាជិក, ទី៤. ការស្វែងរកការគាំទ្រផលប្រយោជន៍របស់ក្រុមប្រឹក្សាថ្នាក់មូលថ្នាក់មូលដ្ឋាន, ទី៥. ការផ្តល់សេវាបន្ថែមដល់ក្រុមប្រឹក្សាមូលដ្ឋានដើម្បីសម្រេចបាន SDGs (ការលើកម្ពស់ការចូលរួមរបស់ស្រ្តី), ទី៦. ការលើកកម្ពស់ការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងទី៧.ការលើក កម្ពស់សមភាពយែនឌ័រនៅក្នុងវិស័យនយោបាយនៅមូលដ្ឋាននិងបរិយាប័ន្ន៕