កាហ្វេជើងភ្នំមួយកន្លែង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ បាន និងកំពុងអង្រួនបេះដូងប្រិយមិត្ត ដែលចូលចិត្តធ្វើដំណើរដើរលេងវិលល្ងាច ក៏ដូចជាអ្នកចូលចិត្តថតរូប ចង់ទៅលេងកម្សាន្ត ក៏ដូចជាផ្ដិតយកនូវរូបភាពស្អាតៗ បំបាត់ចោលនូវរាល់ទុក្ខកង្វល់ទាំងឡាយនៅក្នុងជីវិត។
កាហ្វេជើងភ្នំមួយកន្លែងនេះ ត្រូវបានមហាជននាំគ្នាហៅថា កាហ្វេជើងភ្នំ កំពង់ស្ពឺ ឬអ្នកខ្លះទៀតហៅថា កាហ្វេជើងភ្នំ មរតកបរសេដ្ឋ ដែលវាមានទីតាំងស្ថិតនៅ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅទីនោះប្រិយមិត្តអាចកម្សាន្តអារម្មណ៍តាមរយៈការស្រស់ស្រូបរសជាតិកាហ្វេ គយគន់សម្រស់ធម្មជាតិពីជើងភ្នំ ដែលក្រាបក្របទៅដោយវាលស្មៅបៃតងខ្ចី មានភ្នំព័ទ្ធជុំវិញ គួរជាទីមនោរម្យក្រៃលែង។
មិនតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចកម្សាន្តអារម្មណ៍ តាមរយៈការជិៈម៉ូតូកង់ ៤ មើលទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជុំវិញតំបន់មរតកបរសេដ្ឋ ព្រមទាំងផ្ដិតយករូបភាពដ៏ត្រជាក់ភ្នែក ចែករំលែកជូនមិត្តភក្តិជាដើម ហើយក៏អាចណាត់គ្នាមកជួបជុំដើរកម្សាន្តនៅទីនោះវិលល្ងាចបានផងដែរ៕