យោងតាមការសិក្សាថ្មីមួយដោយអ្នកវិទ្យាសាស្ត្រនៅទីក្រុងហុងកុង វ៉ាក់សាំង Sinovacរបស់ចិនចំនួនពីរដូសផ្តល់ឱ្យមនុស្សចាស់នូវការការពារប្រឆាំងនឹងការឈឺធ្ងន់ធ្ងរនិងការស្លាប់ដោយកូវីដ១៩ ត្រឹមតែកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែការចាក់ដូសទីបីបានពង្រឹងការការពាររបស់ពួកគេយ៉ាងខ្លាំង។
ការសិក្សានេះ ដែលផ្អែកលើអ្នកជំងឺឆ្លងកូវីដក្នុងអំឡុងពេលរលកអូមីក្រុងដ៏បំផ្លិចបំផ្លាញនៅក្នុងទីក្រុងហុងកុង គឺបម្រើជាការព្រមានសម្រាប់ចិនដីគោក ទីដែល Sinovacគឺជាសសរស្តម្ភនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេស។
មនុស្សវ័យចំណាស់ជាច្រើននៅទីនោះមិនទាន់បានទទួលការចាក់ដូសជំរុញនៅឡើយទេ។
ការស្រាវជ្រាវបានរកឃើញថា សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ការចាក់វ៉ាក់សាំង Sinovacចំនួនពីរដូសគឺមានប្រសិទ្ធភាព៧២ភាគរយប្រឆាំងនឹងការឈឺធ្ងន់ធ្ងរឬស្លាប់ដោយកូវីដ ហើយមានប្រសិទ្ធភាព៧៧ភាគរយប្រឆាំងនឹងការស្លាប់ដែលទាក់ទងនឹងកូវីដ១៩។
កម្រិតនៃការការពារទាំងនោះគឺទាបជាងកម្រិតដែលផ្តល់ដោយវ៉ាក់សាំង Pfizer-BioNTech ចំនួនពីរដូស។ ការសិក្សាដូចគ្នានេះបានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០ភាគរយប្រឆាំងនឹងការឈឺធ្ងន់ធ្ងរឬស្លាប់ដោយកូវីដ និងមានប្រសិទ្ធភាព៩២ ភាគរយប្រឆាំងនឹងការស្លាប់ក្នុងចំណោមអ្នករស់នៅហុងកុងដែលមានអាយុដូចគ្នា។
ការសិក្សាបានរកឃើញថា ដូសជំរុញ Sinovac បានជួយយ៉ាងច្រើន ដោយបង្ហាញប្រសិទ្ធភាព ៩៨ ភាគរយប្រឆាំងនឹងការឈឺធ្ងន់ធ្ងរឬស្លាប់ដោយកូវីដក្នុងចំណោមមនុស្សដែលមានអាយុយ៉ាងតិច ៦០ ឆ្នាំ។
លោកវេជ្ជបណ្ឌិត យ៉ាងចុង ហ័ង (Yanzhong Huang) អ្នកជំនាញសុខភាពសកលនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស បាននិយាយថាលទ្ធផលនេះបានបង្ហាញពីភាពបន្ទាន់សម្រាប់ចិនដីគោកក្នុងការពន្លឿនយុទ្ធនាការចាក់ដូសជំរុញដ៏យឺតយ៉ាវរបស់ខ្លួន។
លោកបានបន្តថា “មានការងារជាច្រើនសម្រាប់រដ្ឋាភិបាលត្រូវធ្វើដើម្បីធ្វើឱ្យប្រាកដថាផ្នែកនៃប្រជាជនទាំងនេះទទួលបានការចាក់ដូសជំរុញ”៕