ខេត្តប៉ៃលិន ៖ គេសង្កេតឃើញមានរមណីយដ្ឋានមួយកន្លែង យីហោ «ធម្មជាតិគល់ស្ពានភ្នំដំបង» នៅចំណុចភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានទេសភាពស្រស់បំព្រងគួរឱ្យចង់ចូលលេង និងមានផ្ទាំងថ្មរលោងស្រិលនៅក្នុងបាតស្ទឹង និងមាត់ស្ទឹង ហើយក៏មានស្ពានដ៏ធំមួយដែលអាចឱ្យប្រជាពលរដ្ឋឆ្លងកាត់អូរឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបងផងដែរ ដែលមានទឹកអូរហូរធ្លាក់ចុះមកពីប្រទេសថៃ អមទៅដោយសម្រស់ធម្មជាតិ ផ្ការុក្ខជាតិចម្រុះពណ៌ដុះអមសងខាងដងអូរ។
ស្របពេលដែលទេសភាពដ៏ស្រស់ត្រកាលរបស់រមណីយដ្ឋាន «ធម្មជាតិគល់ស្ពានភ្នំដំបង» នេះផងដែរ ម្ចាស់រមណីយដ្ឋានខាងលើក៏បានត្អូញត្អែរថា រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ គឺមានការធ្លាក់ចុះភ្ញៀវទេសចរ មិនសូវឃើញភ្ញៀវចូលទៅលេងកម្សាន្ត និងហូបអាហារដូចមុនៗឡើយ ខណៈវិបត្តិប្រេងសាំងហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់។
បើតាមការរៀបរាប់ពីម្ចាស់រមណីយដ្ឋានឈ្មោះ ទៀង សែន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ ចាប់តាំងពីក្រុមគ្រួសាររបស់គាត់បានបង្កើតរមណីយដ្ឋាននេះ អស់រយៈពេលជាច្រើនឆ្នាំហើយ រហូតមកដល់សព្វថ្ងៃនេះ គាត់បានសាងសង់ខ្យូសជាង២០ខ្នង នៅអមសងខាងមាត់អូរ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវអង្គុយលេង។ ហើយកាលពីមុន មានភ្ញៀវចូលទៅលេងកម្សាន្ត និងកុម្មង់ម្ហូបអាហារជាហូរហែ អាចឱ្យគាត់ទទួលបាននូវប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពមិនខ្វះខាតនោះឡើយ។
គាត់បន្តទៀតថា ប៉ុន្តែចាប់តាំងពីមានបញ្ហាកើតមានវិបត្តិប្រេងសាំងឡើងថ្លៃ គឺមិនសូវមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើននោះទេ ជាពិសេសការដើរលេងជាលក្ខណៈគ្រួសារ មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺអត់សូវមានអ្នកបើកបររថយន្តចូលទៅលេងរមណីយដ្ឋានរបស់គាត់ឡើយ គឺមានតែអ្នកជិះម៉ូតូជាលក្ខណៈគ្រួសារតូចៗតែប៉ុណ្ណោះ។
គាត់បញ្ជាក់ថា ទោះបីជាជួបនឹងបញ្ហាលំបាកយ៉ាងណា ការលក់ដូររបស់គាត់មានការដាច់តិចតួច ក្នុង១ថ្ងៃអាចមានភ្ញៀវ១ទៅ២ខ្យូស ដើម្បីឱ្យគាត់មានដើមទុនសម្រាប់រស់នៅប្រចាំថ្ងៃ។ តែគាត់សង្ឃឹមថា នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ នឹងមានភ្ញៀវចូលលេងក្នុងរមណីយដ្ឋានរបស់គាត់ ព្រោះភ្ញៀវទេសចរភាគច្រើនចូលចិត្តដើរលេងនៅតាមតំបន់មានទឹកអូរ និងទេសភាពព្រៃឈើ ។
គាត់បញ្ជាក់ទៀតថា លើសពីនេះ នៅកន្លែងរបស់គាត់ មានទឹកហូរថ្លាឈ្វេង និងមានសម្រស់ធម្មជាតិ អាចឱ្យភ្ញៀវទេសចរថតស៊ែលហ្វីជាលក្ខណៈគ្រួសារ ទុកជាអនុស្សាវរីយ៍ផងដែរ។ ចំណែកម្ហូបអាហាររបស់គាត់នៅថ្ងៃធម្មតា ក៏ដូចជាថ្ងៃបុណ្យទានដែរ ពោលគឺតម្លៃនៅថេរដដែល អាចកុម្មង់ភ្លាមហូបភ្លាម ជាអាហារធម្មជាតិសុទ្ធសាធតែម្តង៕