ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ខេត្តប៉ៃលិន បានប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរពាក់មួកសុវត្ថិភាពរាល់ពេលធ្វើចរាចរណ៍លើដងផ្លូវ ស្ថិតក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយារឹទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ស្ថិតក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមាន ហើយបានបន្សល់ទុកសោកនាដកម្មច្រើនដល់ប្រជាពលរដ្ឋ ដូចជាបាត់បង់ជីវិត ការរងរបួស ពិការភាព និងខាតបង់ទ្រព្យសម្បត្តិដែលបង្កដោយប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ និងខ្វះសីលធម៌យោគយល់អធ្យាស្រ័យ ហាក់បីដូចជាមិនស្រលាញ់ជីវិតខ្លួនឯង ឫជីវិតអ្នកដ៍ទៃ។ទោះជាយ៉ាងក្តីដោយសារកិច្ចខំប្រឹងប្រែងចាត់វិធានការរឹតបន្តិងច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្មបានធ្វើអោយស្ថានភាពចរាចរណ៍ឆ្នាំ២០២១ មានការថយចុះ គួអោយកត់សំគាល់ ប៉ុន្តែគោលដៅមួយចំនួនដូចជា ក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ នៅតែមានតួលេខគ្រោះថ្នាក់ខ្ពស់ ស្ថិតក្នុងថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក។
ទទឹមនឹងនេះ លោកក៍បានកោតសរសើដល់មន្ទីរសាធាណការ និងដឹកជញ្ជូន កងកំលាំងនគរបាលចរាចណ៍ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានសហការគ្នាចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក និង ខិតខំយ៉ាងសកម្មក្នុងការអនុវត្តគម្រោងរបស់រាជរដ្ឋាភិបាល ដូចជាជួលជុល និងកែលម្អផ្លូវជាតិ ផ្លូវខេត្ត ដែលបម្រើដល់ការធ្វើចរាចណ៍កាន់តែមានសុវត្ថិភាព និងបម្រើដល់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិអោយកាន់តែមានការរីចចម្រើនបន្ថែមទៀត។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ជំរុញដល់មន្ទីរសាធាណការ និងដឹកជញ្ជូន កងកំលាំងនគរបាលចរាចណ៍ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន ជាពិសេសគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តចូលរួមផ្សព្វផ្សាយ បំផុសស្មារតី ដល់អ្នកបញ្ជាយានជំនិះគ្រប់ប្រភេទលើដងផ្លូវសាធារណៈ ត្រូវពង្រឹងបន្ថែមគុណភាពសាខាសាលាបង្រៀនបើកបរយានយន្ត ត្រូវបន្តគ្រប់គ្រងយានយន្តកែច្នៃ នឹងត្រូវអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងពន្យល់ពីផលលំបាកកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ និងពីហានិភ័យនៃការបើកបរដោយមិនពាក់មួកសុវត្ថិភាពជាដើម ហើយមន្រ្តីនគរបាលចរាចរណ៍ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ដើម្បីស្ទាក់ចាប់អ្នកបើកបរទោចក្រយានដែលមិនពាក់មួកសុវត្ថិភាពយកទៅអប់រំ និងឆ្លើយសំណួរផ្សេងៗ ដើម្បីទទួលបានមួកសុវត្ថិភាព។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិកា ក៍បានពន្យល់អំពីគោលការណ៍សីលធម៌ទាំង ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយពេលបើកបរ ៖ ០១- មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត,០២-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត, ០៣-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត, ០៤-មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត, ៖០៥- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត,០៦- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច,០៧- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច,០៨- ត្រូវប្រកាន់ស្តាំជានិច្ច,០៩- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច,១០- ត្រូវតែប្រុងប្រយ័ត្នគ្រប់ៗគ្នា ជានិច្ច ,ពេលធ្វើដំណើរកុំភ្លេចពាក់មួកសុវត្ថិភាពផងដែរ ។
បើតាមរបាយការណ៍របស់លោក គួន មករា អនុប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើងចំនួន២៤លើក បណ្តាលអោយស្លាប់ចំនួន០៧នាក់ និងរបួសធ្ងន់ចំនួន២២នាក់ របួសស្រាល១៨នាក់ ។ហើយ ភាគច្រើននៅក្រុងប៉ៃលិនចំនួន០៧នាក់។មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់គឺបើកលើសល្បឿនកំណត់៤៦% បើកបរមិនប្រុងប្រយ័ត្ន១៧% ការបត់៩% ស្រវឹង៤% មិនគោរពសិទ្ធិអាទិភាព៤% មិនប្រកាន់ស្តាំ៤% កត្តាយានយន្ត៤% និងកត្តាសត្វពាហនៈ៤%។
ប្រៀបធៀបនិងឆ្នាំ២០២០ ហេតុការណ៍គ្រោះថ្នាក់ថយចុះចំនួន២៤លើក ស្មើនឹង៥០%(២៤/៤៨) អ្នកស្លាប់ថយចុះ១១នាក់ ស្មើរនឹង៦១%(៧/១៨) របួសធ្ងន់ថយចុះ២៧នាក់ ស្មើនឹង៥៥% (២២/៤៩) របួសស្រាលថយចុះ១២នាក់ ស្មើនឹង៤០%(១៨/៣០)។ ប្រភេទនៃយានយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ រួមមាន៖ ម៉ូតូចំនួន៥៨% រថយន្តធុនស្រាល៣១% រថយន្តធុនធ្ងន់៩% និងយានយន្តផ្សេង ២%៕