ខេត្តស្វាយរៀង ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងពិតជាធ្វើបានល្អខ្លាំងណាស់សម្រាប់ការប្រកួតបើករដូវកាលថ្មីពានរង្វាន់ជើងឯកខេមបូឌាន ប្រឺមីញេលីគឆ្នាំ២០២២ ក្រោយពីបានយកឈ្នះលើក្រុមបឹងកេតអង្គរ៤-០កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ ធ្វើឱ្យស្ថិតិនៃការប្រកួតទាំង៣លើករបស់ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះអត់ទាន់ស្គាល់ចាញ់ និងមាន៩ពិន្ទុនៅក្នុងដៃកំពុងតែឈរនៅកំពូលតារាង។
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវបានគេចាត់ទុកថា ជាក្រុមដែលចាប់ផ្ដើមយ៉ាងល្អនារដូវកាលថ្មីនៃការប្រកួតជ្រើសរើសជើងឯកលីគកំពូលកម្ពុជាប្រចាំឆ្នាំ២០២២ ។ ជាក់ស្ដែងការប្រកួតសប្ដាហ៍ទី៣នៅលើទឹកដីរបស់ខ្លួននៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅបានឈ្នះលើក្រុមបឹងកេតអង្គរ៤-០ ដោយគ្រាប់បាល់ទី១រកបានដោយខ្សែបម្រើជនជាតិកាមេរូនកីឡាករEmmanuel Mbargaក្នុងតង់ទី១។ ចូលដល់តង់ទី២ព្រះខ័នរាជស្វាយរៀងបង្កើនការវាយលុកយ៉ាងខ្លាំងរហូតរកបាន៣គ្រាប់នាំមុខបន្ថែមទៀត ដោយខ្សែប្រយុទ្ធកាណាដាកីឡាករMarcus Haberជាអ្នករកបាន២គ្រាប់ម្នាក់ឯង ខណៈ១គ្រាប់ទៀតរកបានដោយខ្សែបម្រើជប៉ុនកីឡាករTakashi Odawara ។
ចំណែកឯការប្រកួតនៅលើទីលានខេត្តសៀមរាបវិញ ក្រុមអង្គរថាយហ្គឺពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើទឹកដីរបស់ខ្លួនបន្ទាប់ពីបានធ្វើឱ្យក្រុមការពារជើងឯកឆ្នាំចាស់ភ្នំពេញក្រោនចាញ់នៅក្នុងលទ្ធផល៤-២ ។
គ្រាន់តែបើកឆាកប្រកួត៣នាទីដំបូង ខ្សែប្រយុទ្ធអាហ្គានីស្ថានកីឡាករFarred Sadatស៊ុតបញ្ចូលទីនាំមុខភ្នំពេញក្រោនបាន១គ្រាប់មុន ប៉ុន្តែត្រូវបានកីឡាករខ្សែការពារនូ ចេនមករា របស់ភ្នំពេញក្រោនតាមសងបាន១គ្រាប់វិញនៅ២០នាទីបន្ទាប់ ។ ចូលដល់តង់ទី២ រយៈពេល៣នាទីដំបូង ខ្សែបម្រើកូឡំប៊ីកីឡាករ Andres Nieto ស៊ុតបញ្ចូលទីឱ្យភ្នំពេញក្រោនបាន១គ្រាប់មុន ប៉ុន្តែត្រូវបានក្រុមអង្គរថាយហ្គឺវាយបកវិញរកបាន៣គ្រាប់ផ្ទួនៗដោយខ្សែប្រយុទ្ធប្រេស៊ីលGabriel Silva,ខ្សែប្រយុទ្ធអៀរឡង់កីឡាករJozsef Keavenyនិងកីឡាករខ្សែប្រយុទ្ធសុវណ្ណ ដូណា នៅក្នុងម៉ោងបន្ថែម។
ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងសប្ដាហ៍ទី៣ ក្រុមព្រះខ័នរាជស្វាយរៀងប្រកួតបាន៣ប្រកួតឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុឈរកំពូលតារាង ។ ចំណាត់ថ្នាក់លេខ២ក្រុមណាហ្គាវើលដ៍លេងបាន៣ប្រកួតដូចគ្នាឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ។ ក្រុមវិសាខាឈរនៅលេខរៀងទី៣ ដោយលេងបាន៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ និងក្រុមអង្គរថាយហ្គឺ ឈរនៅលេខរៀងទី៤ដោយលេងបាន៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១មាន៤ពិន្ទុ ៕