(អាំស្ទើដាំ)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លោក Louis van Gaal បាននឹងកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីត្រូវបានគេរកឃើញថា មានភាពវិជ្ជមានជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់គម្រោងមុនការប្រកួតលក្ខណៈមិត្តភាពរបស់ពួកគេ ប៉ះនឹងក្រុមដាណឺម៉ាក និងអាល្លឺម៉ង់ផងដែរ។ នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់ហូឡង់ (KNVB) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ហូឡង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវដាណឺម៉ាកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះនាទីក្រុង Amsterdam ហើយបន្ទាប់មកពួកគេនឹងប្រកួតជាមួយអាល្លឺម៉ង់ នៅទីលានដដែលនាថ្ងៃអង្គារ ខណៈពួកគេចាប់ផ្តើមរៀបចំក្រុមសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup នាចុងឆ្នាំនេះដែរ។
KNVB បានឲ្យដឹងថា លោក Danny Blind, Henk Fraser និងលោក Frans Hoek ដែលជាជំនួយការរបស់លោក Van Gaal នឹងទទួលបន្ទុកការត្រៀមរៀបចំរបស់ក្រុម មុនពេលការប្រកួតទាំងពីរខាងលើ។
វាមិនប្រាកដនោះទេថាតើលោក Van Gaal វ័យ ៧០ឆ្នាំរូបនេះនឹងត្រូវអវត្តមានពីការប្រកួតទាំង២ នេះឬយ៉ាងណានោះ៕