នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យតាមដាន និងជួបពិភាក្សាស្តីពីបច្ចុប្បន្នភាពលើការឆ្លើយតបមេរោគ អេដស៍ និងជំងឺអេដស៍ និងក្រុមបុរសរួមភេទជាមួយបុរស។
លោក ហែម ឬទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ដើម្បីឆ្លើយតបការលើកកម្ពស់លើសកម្មភាពប្រយុទ្ធនិងជំងឺអេដស៍ អង្គការដៃគូត្រូវរួមសហការគ្នាបន្ថែមលើការផ្តល់សេវាថែទាំ អប់រំ ប្រឹក្សាអោយបានល្អិតល្អន់ និងបង្ការ មេរោគអេដស៍ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ឈរលើមូលដ្ឋាននៃការឆាប់អនុវត្តបាននូវការប្រតិបត្តិល្អ និងអនុសាសន៍អន្តរជាតិ ព្រមជាមួយនឹងគំនិតថ្មីៗរបស់ប្រទេសកម្ពុជា នៅក្នុងការផ្តល់សេវា ដល់ប្រជាជនដែលត្រូវការ។ លោកបានបន្តថា៖ យើងទាំងអស់គ្នាបង្កើននូវការប្តេជ្ញាចិត្តទ្វេដង ក្នុងការកសាង ពីភាពជោគជ័យដែលទទួលបាននាឆ្នាំកន្លងទៅ ប្រមូលផ្តុំនូវកម្លាំងទាំងអស់ ដើម្បីជំនះឲ្យបាននូវ រាល់ឧបសគ្គនានាដែលនៅសេសសល់ បន្តស្មារតីសាមគ្គីភាព ឯកភាពជាតិ ភាពជាដៃគូ និងសុខដុមនីយកម្ម ដើម្បីសេចក្តីថ្លៃថ្នូរបស់មនុស្ស ក្នុងការរស់នៅ និងធ្វើការងារប្រកបដោយផាសុខភាព ជៀសវាងបានពីជម្ងឺអេដស៍។
ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍បានមានប្រសាសន៍ថា៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនំាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានខិតខំពុះពារចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ ស្របតាមប្រធានបទនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់អង្គការដៃគូត្រូវផ្តល់សេវា និងផ្តល់ប្រឹក្សាអោយបានទូលំទូលាយ ជាពិសេសត្រូវរៀបចំកន្លែងអោយបានស្អាត និងមានបន្ទប់ផ្តល់ប្រឹក្សាដាច់ដោយលែកពីគ្នាដើម្បីរក្សាការសម្ងាត់របស់បុគ្គលដែលមករកសេវាពិនិត្យថែទាំ និងអំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ត្រឹមត្រូវទៅតាមវេជ្ជបញ្ជា ហើយបន្តប្រឹងប្រែងដើម្បីសុខុមាលភាពខ្លួនឯងផង និងអនាគតកូនចៅក្នុងក្រុមគ្រួសារនៅថ្ងៃអនាគតផង។ ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទទួលយកឱសថប្រឆាំងមេរោគអេដស៍ទៅប្រើប្រាស់ឱ្យបានទៀងទាត់ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នឹងសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិច ៤ដងមុនពេលសម្រាល ត្រូវទៅសម្រាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិត។ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺ អេដស៍ និងលោក ហែម ឬទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យកន្លែងផ្តល់សេវាថែទាំស្រ្តីមានផ្ទៃពោះ និងកន្លែងផ្តល់ឱសថសម្រាប់ផ្ទុកជំងឺអេដស៍ផងដែរ។
បើតាមរបាយការណ៍ទិន្ន័យរបស់មន្ទីរសុខាភិបាល ៖ នៅក្នុងខេត្តប៉ៃលិនមានអ្នកផ្ទុកជំងឺអេដស៍សរុបចំនួន ៤០៤នាក់ ស្រ្តីចំនួន ២៣៣ នាក់ ក្នុងនោះកុមារាចំនួន ១៤នាក់ និងកុមារីចំនួន ៩នាក់៕