ស្ពៃក្តោបជាប្រភេទបន្លែស្លឹកម្យ៉ាង ដែលប្រជាជន យើងនិយមបរិភោគគ្រប់ៗគ្នា ហើយក៏និយមដាំដែរ។ ក្រៅពីបច្ចេកទេសដាំដុះនៅមានបច្ចេកទេសនៃការប្រមូលផល ដែលកសិករមិនសូវបានយកចិត្តទុកដាក់ ជាហេតុធ្វើឲ្យទិន្នផលដែលប្រមូលបានត្រូវបាត់បង់ ឬក៏មិនអាចថែរក្សាទុកដាក់បានយូរ ។ នៅលេខនេះ ខ្ញុំសូមលើកយកបទពិសោធន៍របស់កសិករនៅ ភូមិក្នុងព្រែក និងភូមិអូររំចេក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មកបង្ហាញជូនដូចខាងក្រោម ។
១. ការប្រមូលផល
ជាទូទៅ កសិករប្រមូលផលស្ពៃក្តោបដោយសំគាល់ទៅលើអាយុរបស់វា គឺចាប់ពី ៣ ទៅ ៣ ខែកន្លះបន្ទាប់ពីដាំ ។ ក្រៅពីនេះ គឺគាត់ពិនិត្យទៅលើលក្ខណៈក្តោបរបស់ស្ពៃ ដូចជាយកដៃច្របាច់ទៅលើវា បើច្របាច់ទៅឃើញរឹងល្អ មានន័យថា ស្ពៃពេញវ័យអាចប្រមូលផលបាន ឬសំគាល់ទៅលើចុងស្លឹកស្រទាប់ក្រៅមូរ ។
ពេលប្រមូលផល គឺធ្វើឡើងនៅពេលល្ងាចត្រជាក់ ហើយស្ងួតល្អ ។ ការប្រមូលផលត្រូវយកកូនកាំបិតចុងស្រួចដែលមុតល្អកាត់វាដោយទាញ ក្តោបរាងផ្តេកបន្តិច រួចហើយកាត់ដោយប្រុងប្រយ័ត្ន ។ ក្រោយពីកាត់រួច យើងពុំចាំបាច់បកស្រទាប់ក្រៅច្រើនពេកទេ គឺគ្រាន់តែតំរឹមឲ្យស្អាត ហើយលាបកំបោរភ្លាមៗ ឬសាច់ជូរនៅមុខកាត់ ដើម្បីការពារការចេញជ័រច្រើន ឬឆ្លងជំងឺផ្សេងៗ ។ បន្ទាប់មកយកវាទៅដាក់ក្នុងម្លប់ថ្នមៗ ដោយមិនឲ្យដាក់គរលើគ្នាច្រើនពេកទេ ជៀសវាងការជាំនៅខាងក្នុង ។
២. ការសំអាតស្ពៃក្រោយប្រមូលផល
ក្រោយពីកាត់ប្រមូលផលរួច កសិករច្រើនបកស្រទាប់ក្រៅចេញជាការសំអាតលើកទី ១ រួចទុកហាលថ្ងៃ ឬខ្យល់ ទើបដឹកមកផ្ទះរួចសំអាតលើកទី ២ ទៀត ។ ការធ្វើរបៀបនេះ នាំឲ្យបាត់បង់ទំងន់ដោយពន្លឺថ្ងៃ ឬដោយការបកចោល មានពី ១០ ទៅ ១៥ ភាគរយ ។ ការសំអាតរបៀបនេះត្រូវជៀសវាង គឺយើងគ្រាន់តែបកសំបកបន្តិចបន្តួច ហើយប្រញាប់យកទៅដាក់នៅកន្លែងម្លប់ត្រជាក់ ដើម្បីកុំឲ្យហួតជាតិទឹកបាត់បង់ទំងន់ ។
៣. ការវេចខ្ចប់
កសិករភាគច្រើន ក្រោយពេលសំអាតរួច គាត់យកបាវមកច្រកស្ពៃ រួចលើកដាក់ផ្ទាល់លើម៉ូតូ រ៉ឺម៉ក ឬរថយន្តតែម្តងដោយពុំសូវមានការប្រុងប្រយ័ត្ន ។ តាមលទ្ធផលនៅពេលដឹកដល់ទីផ្សារ ការខូចខាតជាំដុំៗ មានប្រហែល ៨ ទៅ ១០ភាគរយ ។ ដូច្នេះដើម្បីឲ្យការវេចខ្ចប់ និងដឹកជញ្ជូនបានល្អមិនបាត់បង់ យើងអាចប្រើ ចំបើង ក្រដាស បាវ ស្លឹកចេក ឬស្លឹកឈូកសំរាប់ធ្វើជាទ្រនាប់ ដើម្បីកាត់បន្ថយការប៉ះទង្គិច ។ ឯការដឹកជញ្ជូន គួរដាក់តាមថ្នាក់ៗជៀសវាងការដាក់គរលើគ្នា ។
៤. ការស្តុកទុក កន្លងមក កសិករភាគច្រើនពុំដែលស្តុកស្ពៃក្តោបទុកបានយូរឡើយ គឺយ៉ាងយូរបានតែ ២ យប់ប៉ុណ្ណោះហើយការបាត់បង់វិញមានពី ១០ ទៅ ២០ ភាគរយ ។ ក្រោយពីបានសហការជាមួយអង្គការសេដាក ពួកគាត់បានធ្វើការសាកល្បងតាមរបៀបពីរផ្សេងគ្នា ។
របៀបទី ១ : ពួកគាត់បានសាកល្បងដោយយកប្លាស្ទិករុំឲ្យជិតស្ពៃនោះ ហើយមួយទៀតរក្សាទុកធម្មតាដោយរក្សាទុកនៅក្នុងម្លប់ ។ធ្វើរបៀបនេះ យើងសង្កេតឃើញថា លទ្ធផលស្ពៃដែលមិនរុំប្លាស្ទិកអាចរក្សាបានតែ ៤ ថ្ងៃប៉ុណ្ណោះ ឯរុំប្លាស្ទិកវិញបានរហូតដល់ ៦ ថ្ងៃទើបវាចាប់ផ្តើមប្រែពណ៌ និងរលួយស្រទាប់ក្រៅ ។
របៀបទី ២ : ធ្វើដូចខាងលើដែរ គឺមួយស្ពៃរុំដោយប្លាស្ទិកហើយមួយទុកធម្មតា និងមួយទៀតមានរុំក្រដាសកាសែតតែលើកនេះយកវាទៅដាក់ក្នុងធុង ត្រជាក់ ហើយប្រោះទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច) ជាលទ្ធផលឃើញថា ស្ពៃដែលរុំប្លាស្ទិក អាចរលួយជាងវិញ គឺអាចរក្សាទុកបានតែ ១០ ថ្ងៃប៉ុណ្ណោះ ។ ឯការទុកធម្មតា អាចរក្សាទុកបាន ១២ ថ្ងៃ និងមួយទៀតស្ពៃដែលរុំក្រដាសនោះអាចទុកបានយូររហូតដល់ ១៦ ថ្ងៃ ដោយពុំមានស្រកទំងន់ឡើយ ។
សរុបមក បទពិសោធន៍ល្អៗ ក្នុងការប្រមូលផលស្ពៃក្តោបមាន :
- សំគាល់ទៅលើអាយុស្ពៃ (៣ ទៅ ៣ ខែកន្លះ បន្ទាប់ពីដាំ)
- ពិនិត្យទៅលើលក្ខណៈក្តោបរបស់ស្ពៃ (យកដៃច្របាច់ទៅរឹង)
- ប្រមូលផលនៅពេលត្រជាក់ ស្ងួត
- កាត់វាដោយទាញក្តោបរាងផ្តេកបន្តិច
- ក្រោយពីកាត់ហើយត្រូវលាបកំបោរ ឬសាច់ជូរភ្លាមនៅមុខកាត់ ដើម្បីកុំឲ្យមេរោគចូល
- ប្រើចំបើង ក្រដាស បាវ ស្លឹកចេក ឬស្លឹកឈូក សំរាប់ធ្វើជាទ្រនាប់ ដើម្បីកាត់បន្ថយការប៉ះទង្គិច
- ការដឹកជញ្ជូនគួរដាក់តាមថ្នាក់ៗ ជៀសវាងការ ដាក់គរលើគ្នា
- ដើម្បីរក្សាស្ពៃទុកឲ្យបានយូរ ត្រូវយកប្លាស្ទិករុំស្ពៃក្តោបឲ្យជិត ដោយរក្សាទុកធម្មតានៅក្នុងម្លប់ (រក្សាបាន ៦ ថ្ងៃ)
- ដើម្បីរក្សាស្ពៃទុកបានយូរដែរ យើងយកក្រដាសកាសែតរុំឲ្យជិត ហើយរក្សាទុកក្នុងម្លប់ធម្មតា៕