សម្រាប់រយ:ពេល 0២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២២ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារសភាពាណិជ្ជកម្ម សៀមរាប-ឧត្តរមានជ័យ ដែលមានលោកឧកញ៉ា បណ្ឌិត ហ៊ុយ ភាវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារ ចុះធ្វើទស្សនកិច្ច នៅតាមតំបន់មានសក្កានុពលសំខាន់ៗ ដូចជា៖ តំបន់ច្រកទ្វារអន្តរជាតិព្រំ ជាប់នឹងដែនកម្ពុជា-ថៃ តំបន់ផែស្ងួតលោកឧកញ៉ា ឡោ ស៊ុនជាង តំបន់ផ្ទៃដីកសិកម្ម និងតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវក្នុងខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស និងអ្នកមានធនធាន ឱ្យចូលមកអភិវឌ្ឍនៅក្នុងទឹកដីត្បូងពេជ្រខេត្តប៉ៃលិនមួយនេះ។
ក្រោយពេលបញ្ចប់ដំណើរការទស្សនកិច្ច រយ:ពេល២ថ្ងៃពេញនេះ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភាវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរៀបរាប់ទាំងក្តីសប្បាយរីករាយឱ្យដឹងថា ៖ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានសង្កេតឃើញពីសក្កានុពលខេត្តប៉ៃលិន មានជាច្រើនគួរឱ្យចង់ចូលមកបណ្តាក់ទុនរកស៊ី ជាពិសេសលើវិស័យរម្មណីយដ្ឋាន ដូចជា រម្មណីយដ្ឋានចំការខ្នុរ រម្មណីយដ្ឋានម្លប់សាវម៉ាវ ជាពិសេស គឺរម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ មានទេសភាពស្រស់បំព្រង មានផ្លូវចាក់បេតុងយ៉ាងល្អ ងាយស្រួលក្នុងការបើកបរម៉ូតូ រថយន្តចូលទៅ លេងកម្សាន្ត។ លោកឧកញ៉ាបន្តទៀតថា៖ មិនត្រឹមតែរម្មណីយដ្ឋានប៉ុណ្ណោះទេ សូម្បីតែផ្លូវថ្នល់ក៏មានការរីកចម្រើនល្អប្លែកមែនទែន ដូច្នេះនៅក្នុងខេត្ត ប៉ៃលិននាពេលអនាគតអាចនឹងមានការរីកចម្រើនខ្លាំង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនកុះករ។ លោកឧកញ៉ាបញ្ជាក់ថា ចំពោះទស្សនកិច្ចនេះ មានបំណងមកធ្វើការវិនិយោគ បណ្តាក់ទុនរកស៊ីនៅក្នុងខេត្តប៉ៃលិន នាពេលខាងមុខ ខណ:ដែលមានលោកឧកញ៉ា ក៏ដូចជាលោកជំទាវមួយចំនួន បានយកថវិកាជាច្រើនលានដុល្លារ ចូលមកបណ្តាក់ទុនក្នុងទឹកដីខេត្តប៉ៃលិនរួចរាល់ហើយដែរ ផ្នែកវិស័យអចលនទ្រព្យ។
ចំណែកលោកជំទាវឧកញ៉ា លី អ៊ុំអេង បានរៀបរាប់ឱ្យដឹងថា ៖ រហូតមកដល់ពេលនេះ លោកជំទាវ បានចុះទុននៅលើទឹកដីខេត្តប៉ៃលិន អស់ចំនួន៥លានដុល្លារមកហើយ ដោយវិនិយោគទៅលើវិស័យអចលនទ្រព្យ ទិញចម្ការមៀនប៉ៃលិន ហៅតាង៉ែន និងទិញចម្ការម្រេច ព្រោះសង្កេតឃើញទឹកដីខេត្តប៉ៃលិន ដ៏តូចមួយនេះ មានសក្កានុពលផ្នែកដំណាំ ដាំដុះ ផ្នែកទេសចរណ៍ ជាពិសេសជាទឹកដីត្បូងពេជ្រតែម្តង។ លោកជំទាវបន្តទៀតថា ទោះបីជាពេលនេះ ខេត្តប៉ៃលិនមិនទាន់មានការរីកចម្រើន តែនៅថ្ងៃខាងមុខនឹងមានការរីកចម្រើនខ្លាំង បន្ទាប់ពីខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកោះកុងជាដើម។
ក្នុងឱកាសនោះដែរ លោកជំទាវលី អ៊ុំអេង ក៏បានសម្តែងនូវក្តីរំភើបកក់ក្តៅជាខ្លាំង និងបានថ្លែងអំណរ អរគុណ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន ដែលបើកឱកាសឱ្យលោកជំទាវ និងក្រុមការងារ បានទស្សនកិច្ចស្វែងយល់ពីសក្តានុពលសំខាន់ៗរបស់ខេត្តនិងបានចូលមកវិនិយោគនៅក្នុងខេត្តប៉ៃលិន៕