នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ឃ្លោក នូយ អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីលោក ឌិន គឹម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ សមាជិក សមាជិកា ក្រុមការងារកសាងផែនការ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត រួមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
លោក ឃ្លោក នូយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការរៀបចំប្រជុំនៅពេលនេះគឺអោយយល់ពីនីតិវិធីដំណើរការរៀបចំកម្មវិធីវិនិយោគ ហើយពីមុនដែលមិនទាន់មានភាពរលូន និងស៊ីសង្វាក់គ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទផ្សេងគ្នា តែបច្ចុប្បន្ននេះ ត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីផ្សាភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ទៅនឹងកម្មវិធីវិនិយោគក្រុង ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រ និងឆ្លើយតបទៅនឹងស្ថានភាព តម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារឱ្យមានធាតុចូលពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់។ លោកអភិបាលរងខេត្ត បានបន្តថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ត្រូវទាមទារឱ្យមានការគិតគូរ និងព្យាករណ៍ ឱ្យបានល្អិតល្អន់ ដើម្បីកំណត់បញ្ហា តម្រូវការ និងការចាត់អាទិភាពឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់បន្ទាន់ និងជាក់ស្តែង ព្រមទាំងឱ្យសមស្របតាមសម័យកាលបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងក្នុងរយះពេលបីឆ្នាំខាងមុខទៀត ហើយត្រូវជ្រើសរើសគម្រោង ឬ សកម្មភាពជាអាទិភាពទាំងនោះ ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តថវិកា ឬផែនការថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់នីមួយៗ ដើម្បីធានាការអនុវត្ត និងឆ្លើយតបតម្រូវការជាអាទិភាពទាំងនោះ។ដូច្នេះអត្រានៃភាពក្រីក្រក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ ឬបំបាត់ដោយសារការរៀបចំផែនការរបស់យើងបានត្រឹមត្រូវ និងចំគោលដៅ។ លោកអភិបាលរងខេត្ត បានសំណូមពរដល់សមាជិកក្រុមការងារកសាងផែនការទាំងអស់ដែលមានតំណាងពីមន្ទីរ/អង្គភាពជុំវិញខេត្ត ហើយក្នុងនោះមានមន្ទីរផែនការខេត្តជាសមាជិកអចិន្រៃ្តយ៍ ត្រូវរួបរួមគ្នាគិតគូរ វិភាគ ដោយប្រើប្រាស់ទិន្នន័យដែលមានស្រាប់ ឬត្រូវស្វែងរកព័ត៏មានច្បាស់លាស់សម្រាប់ធ្វើការវិភាគ និងរកអោយឃើញនូវសក្តានុពលនានា ដែលអាចយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍខេត្តអោយបានជាក់លាក់ ហើយមន្ទីរ/អង្គភាពទាំងអស់ត្រូវលើកសំណើគម្រោងអោយឆ្លើយតបទៅនឹង ស្ថានភាព បញ្ហា និងតម្រូវការដែលយើងបានរកឃើញទាំងនោះ ទៅតាមវិស័យ និងជំនាញរបស់មន្ទីរ/អង្គភាពរៀងៗខ្លួន។
លោក ទឹម សុធីម ប្រធានមន្ទីរផែនការ បានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំនិងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ប្រជាពលរដ្ឋ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាខេត្ត និងសម្រាប់ប្រើជាធាតុចូលដល់មន្ទីរ/អង្គភាព រដ្ឋបាល ក្រុង ស្រុក ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិការបស់ខ្លួន៕