នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ មកកាន់តំបន់សក្តានុពលវិនិយោគនៅក្នុងខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ឧញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ។
លោកឧញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យបានលើកឡើងថា ដំណើរទស្សនកិច្ចនៅក្នុងទឹកដីខេត្តប៉ៃលិននេះគឺដើម្បីស្វែងយល់ពីសក្តានុពលនានានៅក្នុងខេត្តដែលជាទឹកដីដ៏សំបូរបែបទៅដោយត្បូងថ្ម ដំណាំកសិកម្មជាច្រើន ដែលអាចអោយបងប្អូនយើងប្រកបរបររកស៊ី និងមកវិនិយោគទុននៅក្នុងខេត្ត ។ លោកឧញ៉ាបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចនេះមានគោលបំណង៣យ៉ាងគឺ ទី១/តំបន់ដាយដែន ទី២/ តំបន់ទេសចរណ៍ និងទី៣/តំបន់កសិកម្ម។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនបានអោយដឹងថា៖ ខេត្តប៉ៃលិនស្ថិតនៅប៉ែកពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៣៧១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ភូមិសាស្ត្រខេត្តប៉ៃលិនគឺជាតំបន់ភ្នំលាយឡំគ្នា និងតំបន់ខ្ពង់រាប សំបូរទៅដោយព្រៃភ្នំជ្រោះជ្រលងដងអូរ ស្ទឹង ប្រកបដោយទេសភាពធម្មជាតិស្រស់ស្អាត ព្រមទាំងមានតំបន់វាលទំនាប ស្រែចំការ ដែលប្រជាពលរដ្ឋប្រកបរបរកសិកម្មបានគ្រប់រដូវកាល។ ហើយខេត្តប៉ៃលិនមានព្រំប្រទល់ខាងកើតទល់នឹងស្រុករតនៈមណ្ឌល ខាងជើងទល់នឹងស្រុកកំរៀង ខាងត្បូងទល់នឹងស្រុកសំឡូតខេត្តបាត់ដំបង និងខាងលិចទល់នឹងស្រុកពោងណាំរ៉ន ខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ។ ខេត្តប៉ៃលិនមានផ្ទៃដីសរុបប្រមាណ១០៦២គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីស្ថិតក្នុងដែនអភិរក្សមាន៣៨២,២០៩គីឡូម៉ែត្រការ៉េ ផ្ទៃដីភ្នំមិនស្ថិតក្នុងតំបន់អភិរក្ស ១១៧,៦៩១គីឡូម៉ែត្រការ៉េ ផ្ទៃដី កសិកម្ម ៤០៣,៣គីឡូម៉ែត្រការ៉េ និងផ្ទៃដីលំនៅដ្ឋានមាន១៥៨,៨គីឡូម៉ែត្រការ៉េ ចែកជាក្រុងចំនួន០១ ស្រុកចំនួន១ មាន០៤ឃុំ និង០៤សង្កាត់ ស្មើនឹង៩០ភូមិ មានប្រជាជនសរុបចំនួន១៦៩០៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន៨១១១៣នាក់ ក្នុងស្រ្តីមានចំនួន៣៦២៣៧នាក់។ ហើយប្រជាពលរដ្ឋប្រមាណ៧០% ប្រកបរបរកសិកម្ម និងប្រមាណ៣០% ជាអ្នករាជការ អាជីវករ និងកម្មករ។ លោកអភិបាលរងបានបន្តថា៖ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនទទួលបានការកែប្រែមុខមាត់ថ្មី និងបានកំពុងអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សដូចជា ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ផ្សារ សួនច្បារ ទីសាធារណៈ និងតំបន់ទេសចរណ៍សំខាន់ៗត្រូវបានយកចិត្តទុក្ខដាក់ និងកែលម្អអោយប្រសើរឡើង សំដៅលើកកម្ពស់សោភ័ណភាពខេត្ត និងជម្រុញការអភិវឌ្ឍន៍លើកគ្រប់វិស័យ។ លោកហែម ឬទ្ធី អភិបាលរងខេត្តក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចគណៈប្រតិភូសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនៅក្នុងខេត្តប៉ៃលិនយើងនេះទទួលបានផ្លែផ្កានិងជោគជ័យ។
សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចគណៈប្រតិភូសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ មកកាន់តំបន់សក្តានុពលវិនិយោគនៅក្នុងខេត្តប៉ៃលិនមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២២ ៕