ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នៅសាលប្រជុំធំសាលាខេត្ត។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានរាយការណ៍ពីសកម្មភាពសន្និបាត២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដោយធ្វើការបែងចែកក្រុមពិភាក្សាផ្ដល់ធាតុចូលលើរបាយការណ៍ និងទិសដៅការងារលើប្រធានបទសំខាន់ៗសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តឆ្នាំខាងមុខ ព្រមទាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ការផ្ដល់សេវាសាធារណៈ យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ការងារប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានប្ដេជ្ញារួមគ្នាពុះពារយ៉ាងប្ដូរផ្ដាច់ ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាព រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍កោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយរស្មារតី ទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការខិតខំចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវី-១៩ ការដោះស្រាយសំណើសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន ការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធការឆ្លងរីករាលដាលនៃជំងកូដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណៈសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាព ពេញលេញទៅតាមគន្លង ប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តផែនការ ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហេតុនេះ រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព និងថវិកាក្នុងការអនុវត្តន៍ កំណែទម្រង់នេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលបំណងនៃដំណើរការកំណែទម្រង់ខាងលើ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនក្នុងនោះ រដ្ឋបាលក្រុងស្រុក ត្រូវពង្រឹង ភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការអនុវត្តន៍មុខងារ និងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ប្រសើរស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ។ ក្នុងនោះឯកឧត្តមបានផ្ដល់នូវគោលការណ៍ណែនាំជាគន្លឹះ ចំនួន០៩ចំណុច សម្រាប់អនុវត្តបន្ត៖ ទី១-ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, ទី២-ការអនុវត្តកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ, ទី៣-ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី, ទី៤-ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ទី៥-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ទី៦-ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម, ទី៧-ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, ទី៨-ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩, និងទី៩-ការពង្រឹងរបៀបរបបកាងារឱ្យបានច្បាស់លាស់៕
សូមបញ្ជាក់ថា៖ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន គណៈអធិបតីយក៍បានបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសសើរជូនដល់មន្រ្តីរាជការសាលាខេត្ត និងផ្តល់ជូនប័ណ្ណជ័យលាភីក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់រដ្ឋបាលប៉ុស្តិ៍ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ផងដែរ៕ អត្ថបទ៖ញ៉ឹប បូរី ប៉ៃលិន