អ្នកចូលចិត្តធ្វើដំណើរកម្សាន្តឆ្លងខេត្ត តែងនិយម ស្វែងរកផ្ទះលម្ហែបែបធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ល្អ មានទេសភាពស្រស់ត្រកាល សម្រាប់រំសាយចោល នូវរាល់ទុក្ខកង្វល់ទាំងឡាយ ដែលធ្លាប់មាន និងជួបប្រទះនាពេលកន្លងមក។
ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ រីសតមួយកន្លែង ក្នុងទឹកដីត្បូងពេជ្រខេត្ត ប៉ៃលិន ដែលនៅទីនោះមានឈ្មោះថា «ភូមិកូឡាចំការខ្នុរ»។
ភូមិកូឡាចំការខ្នុរ មានទីតាំងស្ថិតនៅក្នុងភូមិ បរហ៊ុយ សង្កាត់បរយីហា ក្រុងប៉ៃលិន មានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីវិមានឯករាជ្យ ជិះតាមផ្លូវកៅស៊ូរហូត និងចុះតាមផ្លូវគ្រួសប្រមាណតែ ៣០០ ម៉ែត្រប៉ុណ្ណោះ ។
នៅទីនោះមានជាលក្ខណៈផ្ទះស្នាក់នៅ សង់ដាច់ៗពីគ្នា ដោយមានបន្ទប់គេងមួយ និងបន្ទប់ទឹកមួយ សង់នៅក្បែរនឹងជើងភ្នំ ព្រមទាំងអាចបោះតង់ ប្របនឹងដងអូរ គេងស្ដាប់សំឡេងទឹកហូរ យ៉ាងពីរោះរណ្ដំទៀតផង។
មិនតែប៉ុណ្ណោះ រីសតមួយនេះ ហ៊ុមព័ទ្ធទៅដោយទឹកជ្រោះ ដងអូរ និងព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ដែលភ្ញៀវទេសចរ នឹងរីករាយជាមួយការលម្ហែកាយ មានផ្ការីកស្គុះស្គាយ មានកន្លែងអង្គុយលេងនៅមាត់អូរ អាចញ៉ាំអាហារបណ្ដើរ គយគន់ទេសភាពបណ្ដើរ៕