នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន មានបើកកិច្ចប្រជុំត្រួតពិនិត្យលើ វឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការសកម្មភាព ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ក្រោមកិច្ចដឹកនាំរបស់លោក ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមានការពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ព្រមដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានថ្លែងថាកិច្ចប្រជុំនេះ ជាការពង្រឹងតួនាទី ភារកិច្ច របស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ និង ពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពរបស់មន្ទីរ និង អង្គការដៃគូព្រមទាំងធ្វើការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធ បញ្ហាប្រឈម និង ដំណោះស្រាយក្នុងការអនុវត្តការងារ និង ធ្វើការពង្រឹងចំណងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង រវាងស្ថាប័ន អង្គការ សហគមន៍ដែលពាក់ព័ន្ធ។ ជាមួយគ្នានោះលោកអភិបាលរងខេត្តបានលើកឡើងថា៖ ការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយបានយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃ កង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅជនបទ រាជរដ្ឋាភិបាលក៏ដូចជាបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះផ្សេងៗ ដើម្បីវិភាគអំពីលទ្ធភាព នៃប្រភពធនធានធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅឆ្នាំ២០២៣ សម្រេចឲ្យបាន ៩០% នូវអត្រាផ្គត់ផ្គង់ទឹកស្អាត និង អត្រាគ្របដណ្តប់អនាម័យឲ្យបាន ៩០% ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជ រដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក អភិបាលរងខេត្តបានបន្ថែមថា៖ ដើម្បីសម្រចបាននូវទស្សនវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាពនោះ ខេត្តប៉ៃលិនត្រូវការកំណើនផ្នែកទឹកស្អាតអនាម័យក្នុងរង្វង់យ៉ាងតិច ៥%-៦% ក្នុងមួយឆ្នាំ។ ដូចនេះ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយបន្តដល់អ្នកពាក់ពន្ធ័នានា ធ្វើយ៉ាងណាជួយបញ្ជ្រាប ផែនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅក្នុងផែនការអភិវឌ្ឍន៍ ក្រុង ស្រុក ឃុំ សង្កាត់ និងត្រូវលើកជាគម្រោងអាទិភាពក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ខ្ពស់។
លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអោយដឹងថា សម្រាប់សមិទ្ធផលអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនយើង គិតត្រឹមឆ្នាំ២០២១ ចំពោះការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានមានចំនួន ៦៨% ,សេវាអនាម័យ មានចំនួន៧៥% និង ភូមិបញ្ឈប់ បន្ទោរបង់ពាសវាលពាសកាល មានចំនួន ៣២ភូមិ ។ ក្នុងនោះដែរការសាងសង់អណ្តូងបានចំនួន ៤៧៥អណ្តូង និង ជីកស្រះសហគមន៍បាន ៤៨ស្រះ និងអាងស្តុកទឹក៤ម៉ែត្រគូប ចំនួន ២៤៥អាង។ ជាមួយគ្នានោះសម្រាប់ផែនការក្នុងឆ្នាំ ២០២២ រួមមាន៖ ការសាងសង់អណ្តូងថ្មីចំនួន ៤អណ្តូង អាងទឹក៤ម៉ែត្រគូបចំនួន ២៥ ក្នុងនោះមាននៅឃុំស្ទឹងកាច់ ១៥អាងនិងនៅឃុំអូរអណ្តូង១០អាង។ ប្រព័ន្ធចែកចាយទឹកតាមទុយោមាន ២ គឺគម្រោងរបស់មន្ទីរ ០១ និងគម្រោងអង្គការជាដៃគូ០១ ផងដែរ៕