សាលាដ៍ ហ្សង ជារុក្ខជាតិមួយបែបមានដុះដោយឯកឯង និងដោយការដាំនៅទ្វីបអ៊ឺរ៉ុប និងនៅអាមេរិក។ ភាគច្រើនរុក្ខជាតិនេះ ច្រើនមានដុះតាមមាត់អូរ ជ្រោះ និងទីដែលមានទឹកលិច ហើយហូរតិចៗផង។ សាឡាដហ្សងមានឈ្មោះវិទ្យាសាស្ត្រហៅថា Nasturtium Officinale L. បច្ចុប្បន្នត្រូវគេដាំច្រើននៅភាគខាងលិចទ្វីបអាស៊ី និង នៅប្រទេសមួយចំនួនទៀតក្នុងតំបន់ត្រូពិក ដូចជា ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងនៅភាគខាងជើងទ្វីបអាហ្វ្រិក។
សាឡាដហ្សង ជារុក្ខជាតិដែលសម្បូរណ៍ដោយកាល់ស្យូម (៦៤ មីល្លីក្រាម) ដែក (១.១ មីល្លីក្រាម) និងមានវីតាមីនអា, សេ … ព្រមជាមួយសារជាតិរ៉ែមួយចំនួនផ្សេងទៀត។
លក្ខណៈ ជីវសាស្ត្រ : សាឡាដហ្សងមានសណ្ឋានខ្ចី ផុយ និងទន់ ដើមរបស់វាមានប្រវែងពី ២០សង្ទីម៉ែត្រ ដល់៦០សង្ទីម៉ែត្រ ចន្លោះថ្នាំងពីមែកស្លឹកមួយទៅមែកស្លឹកមួយទៀត មានប្រវែងពីមួយដល់ប្រាំសង្ទីម៉ែត្រ រុក្ខជាតិនេះចំណុះខ្លាំងទៅលើកត្តាអាកាសធាតុ និងសំណើមនៅក្នុងខ្យល់។ តាមគល់មែករបស់វាមាន ឬអាចដុះចេញជាខ្នែងមួយៗស្ទើរគ្រងធាងទាំងអស់។
មែក ឬធាងរបស់ស្លឹកមានដុះស្លឹកបីទៅប្រាំបួន ស្លឹកដែលនៅចុងគេមានទំហំធំជាងគេ ស្លឹកទាំងឡាយរបស់វាសឹងមានរាងមូល មានពណ៌ខៀវចាស់ ឯចំណែកគែមរបស់ស្លឹកវិញ មានសណ្ឋានដូចជាធ្មេញរណា។ រុក្ខជាតិនេះមានឫសស្ញែដុះតាមគល់មែកត្រង់ផ្នែកណាដែលមានប៉ះ ជាមួយដី ឬទឹក ឫសទាំងនោះមានមុខងារបឺតស្រូបយកសារជាតិផ្សេងៗមកចិញ្ចឹមដើមរបស់វា បើគេកាត់យកមែកនេះមកដាំវាដុះក្លាយទៅជាដើមមួយផ្សេងដោយខ្លួនឯង ។
សាឡាដហ្សង ចូលចិត្តដុះបំផុតត្រង់កន្លែងណា ដែលមានភក់ច្រើន វាអាចដុះនៅតាមទីដែលមានទឹករាក់ៗ ជម្រៅពីបួនទៅប្រាំសង្ទីម៉ែត្រ មានចរន្តទឹកហូរនៅកន្លែងខ្លះដែលមានទឹកជ្រៅ វាអាចដុះលូតលាស់វែង វារលើទឹក ឬដុះងើបផុតពីទឹក។ សាឡាដដុះលូតលាស់ល្អបំផុត បើសិនជាទីកន្លែងដែលដាំវានោះមានសីតុណ្ហភាពត្រឹមដប់ប្រាំទៅម្ភៃ អង្សាសេ និងមានសណ្ឋានដីខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ១០០០ម៉ែត្រឡើងទៅ។
ប្រភេទដី ដែលអាចដាំសាឡាដហ្សងល្អបំផុតនោះ ត្រូវមាន PH របស់ដីក្នុងចន្លោះប្រាំមួយទៅប្រាំពីរ តែវាមិនអាចរស់ ឬដុះលូតលាស់បានជាមួយដីដែលមាន PH ទាប (ដីជូរមានអាស៊ីដច្រើន) ដីប្រៃ ឬជាប្រភេទដីខ្សាច់ឡើយ ជាពិសេសការលូតលាស់របស់វា និងចុះអន់ខ្សោយនៅរដូវក្តៅ។ វាចូលចិត្តទីដែលមានកម្រិតសំណើមខ្ពស់បំផុត ដូច្នេះអ្នកដាំត្រូវមានប្រព័ន្ធប្រព័ន្ធបាញ់ទឹកបែបផ្សែងក្រូចឲ្យ បានច្រើនដងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ឲ្យបានដប់ទៅដប់ប្រាំដងដែរ ដោយរួមទាំងពេលយប់ផង បើមានធាតុអាកាសស្អុះស្អាប់ ឬស្ងួត។
ការជ្រើសរើស ពូជសម្រាប់ដាំ : ពូជសាឡាដហ្សងដែលមានដាំដុះនៅអាស៊ីដយើងនេះ គឺជាពូជនៅក្នុងតំបន់ វាត្រូវស៊ាំជាមួយអាកាសធាតុនៅទីនេះ ធន់ជាមួយការបំផ្លាញរបស់សត្វដង្កូវ ធន់ជាមួយសីតុណ្ហភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងអាចផ្តល់ផលបានល្អគួរសមដែរ ប៉ុន្តែវាមិនសូវមានដើមធំល្អ ដូចនៅតំបន់ដែលមានអាកាសធាតុត្រជាក់នោះឡើយ។
ជារុក្ខជាតិ ដែលអាចដុះលូតលាស់បានគ្រប់រដូវកាល តែអ្នកដាំនៅក្នុងតំបន់អាស៊ីយើងនេះ និយមដាំវានៅក្នុងរដូវរងា (រដូវត្រជាក់) ព្រោះជាពេលដែលមានខ្យល់ត្រជាក់ ធ្វើឲ្យវាអាចដុះលូតលាស់បានល្អ ផ្តល់ទិន្នផលខ្ពស់ជារដូវផ្សេងទៀត។
ពូជដែលយើង ជ្រើសរើសយកមកដាំ គឺត្រូវទិញពូជមកពីទីដែលគេមានដាំដំណាំនេះ ឬទិញមកពីទីផ្សារ រើសមើលរកដើមណាដែលធំជាងគេ មាននៅជាប់ជាមួយឫសតិចតួច។
រៀបចំឡាំង ឈើមួយ ដាក់ដីផុកៗសុទ្ធក្នុងឡាំងនោះ រួចយកដើមសាឡាដហ្សងដែលយើងបានរើសពូជមកនោះដាក់ដោត (ស្ទូង) ក្នុងដីភក់នោះ យកថង់ប្លាស្ទីកថ្លា មកគ្របពីលើឲ្យជិតយកវាទៅដាក់ត្រង់ទីដែលមានម្លប់ និងត្រជាក់។ ត្រូវធ្វើបែបនេះឲ្យបានច្រើនឡាំង បើសិនជាត្រូវការវាច្រើន។ ជារៀងរាល់ថ្ងៃត្រូវបាញ់ទឹកស្រោចវា កុំឲ្យវាស្ងួតដើមឲ្យសោះ រហូតវាអាចចាប់ឫសថ្មី ដុះលាស់ចេញខ្នែងថ្មី ល្អត្រឹមត្រូវ ហើយទើបបានយើងរៀបចំកន្លែងសម្រាប់ដាំវា។
ត្រូវជ្រើស រើសយកទីតាំងណាមួយដែលមានសំណើមច្រើនសើមជានិច្ចគ្រប់រដូវកាល។ លើកភ្លឺ ឬទំនប់ឲ្យមានកំពស់ ៥០សង្ទីម៉ែត្រ មានបណ្តោយ ១៥ ទៅ ២០ម៉ែត្រ ចន្លោះភ្លឺ ឬទំនប់ម្ខាងទៀតត្រូវមានគម្លាតមួយម៉ែត្រកន្លះពីគ្នា។ បើយើងមានបំណងដាំឲ្យបានច្រើន គួរធ្វើទំនប់បែបនេះឲ្យបានច្រើនជួរ (ប្រឡាយ) ដោយទុកចន្លោះពីប្រឡាយមួយទៅប្រឡាយមួយទៀតចំនួន ៧០សង្ទីម៉ែត្រ ឬត្រឹម ៥០សង្ទីម៉ែត្រក៏បាន។
នៅក្នុង ប្រឡាយនេះ ត្រូវកើបយកដីផុកមកទីផ្សេង មកដាក់ឲ្យបានកម្រាស់ ៣០សង្ទីម៉ែត្រ ស្មើពាក់កណ្តាលជម្រៅរបស់ប្រឡាយ រួចប្រើរនាស់កាយកៀរផុកនោះឲ្យស្មើ បន្ទាប់មកបង្ហូរទឹកស្អាតដាក់បញ្ចូលឲ្យបានកំពស់ ២០សង្ទីម៉ែត្រពីផ្ទៃលើរបស់ផុក ទឹកដែលបានបង្ហូរដាក់នេះ វានឹងជ្រាបចូលក្នុងផុកខ្លះ ហួតតាមខ្យល់ខ្លះ បន្ទាប់ពីរយៈពេលពីរ បីថ្ងៃក្រោយមក ត្រូវបូមទឹកបញ្ចូលបន្ថែមរហូតមានកំពស់ ២០សង្ទីម៉ែត្រជាថ្មី លើកទីពីរនេះ ត្រូវទុកឲ្យទឹកហួតអស់នៅសល់ត្រឹមតែ ៥សង្ទីម៉ែត្របានហើយ។
ត្រូវរៀបចំ ធ្វើដំបូលគ្របពីលើប្រឡាយនេះ តាមបណ្តោយជួរប្រឡាយតាំងពីក្បាលទីរហូតចុងទី ដោយប្រើស្បៃប្រក់ដំបូលយកមកធ្វើជាដំបូល (ស្បៃប្រក់ដំបូលនេះមានលក់នៅផ្សារអូឫស្សីក្នុង ១ដុំ មានប្រវែង ១០០ម៉ែត្រ ទទឹង ២ម៉ែត្រ តម្លៃក្នុងដុំ ៦៥ ដុល្លារ)
នៅ ចន្លោះប្រឡាយនីមួយៗ យើងមិនចាំបាច់ធ្វើជាទំនប់ពីរក៏បាន ដោយប្រើបំពង់ទីបជ័រសម្រាប់ធ្វើជាប្រព័ន្ធបង្ហូរទឹកដាក់នៅតាម ក្បាលប្រឡាយ ឯនៅចុងក្បាលប្រឡាយត្រូវបង្ហូរទឹកនោះចូលមកក្នុងអាងមួយ ទឹកក្នុងអាងនោះត្រូវបូមមកបង្ហូរតាមក្បាលប្រឡាយជាថ្មី ដោយមានបង្ហូរមកជាមួយនូវជីសរីរាង្គទឹក ដើម្បីជំនួយឲ្យដល់ការលូតលាស់របស់វា។
ដើម្បី ចៀសវាងការចំណាយសម្រាប់បូមទឹកស្រោច គួរគប្បីប្រើម៉ូទ័របូមដើរដោយពន្លឺព្រះអាទិត្យ មានលក់ដោយមជ្ឈមណ្ឌលវៃឆ្លាតរបស់លោក គង់ ផារិទ្ធ នៅម្តុំខាងលិចផ្សារទួលគោក។
ដោយ ប្រើប្រាស់ប្រព័ន្ធនេះ យើងអាចបង្កើតឲ្យមានប្រព័ន្ធទឹកហូរតិចៗនៅក្នុងប្ររឡាយ ដោយគ្រាន់តែប្រើប្រាស់ទឹកចាស់ដដែល តែត្រូវមានកូនអាងមួយសម្រាប់ចម្រោះទឹកនោះផង ដោយប្រើធ្យូងធ្វើជាគោលសម្រាប់សំអាតទឹកនោះ (ដាក់ធ្យូងចូលក្នុងអាងចម្រោះឲ្យបាន ៥០គីឡូក្រាម)។
ធ្វើ ប្រព័ន្ធស្រោចពីលើមួយ ដែលអាចបាញ់ចេញជាលំអងទឹកស្រោចពីលើ ដោយប្រើម៉ូទ័របូមប្រើពន្លឺព្រះអាទិត្យដូចគ្នា បើគ្មានលទ្ធភាព យើងអាចប្រើធុងមានផ្កាឈូកក៏បាន តែការធ្វើបែបនេះ យើងត្រូវចំណាយពេលច្រើនណាស់ ព្រោះត្រូវស្រោចវារាល់មួយម៉ោងម្តងឯណោះ។
បន្ទាប់ ពីអ្វីៗបានរៀបចំរួចត្រឹមត្រូវស្រួលបួលហើយ យើងអាចយកមែកសាឡាដហ្សង ដែលបានផ្សាំនៅក្នុងឡាំងនោះមកដាំបាន ហើយដោយគ្រាន់តែប្រើរបស់អ្វីម្យ៉ាងចូកវាចេញពីក្នុងឡាំង ឬទម្លាយបាតឡាំងដាក់វាដាំតែម្តងក៏បាន តែត្រូវយកឡាំងចេញ។
នៅក្នុង រយៈពេលនេះ យើងត្រូវយកចិត្តទុកដាក់ថែវាឲ្យបានម៉ត់ចត់បំផុត ជាពិសេសគឺ ទឹកសម្រាប់ស្រោចវា មិនត្រូវឲ្យដាច់ជាដាច់ខាត។ សាឡាដហ្សង អាចលក់បាននៅក្នុងទីផ្សារក្នុង ១គីឡូក្រាម តម្លៃជិតមួយម៉ឺនរៀល ក្នុង ១គីឡូក្រាម គេលក់រាយចេញក្នុងតម្លៃមួយម៉ឺន ឬជាងមួយម៉ឺនរៀល នៅក្នុងទីផ្សារអ្នកត្រូវការសាឡាដហ្សងមានច្រើន ជារបស់កម្រក្នុងផ្សារ ជួនកាលថែមទាំងពិបាករកទិញទៀតផង វាជាបន្លែដែលមានសេចក្តីត្រូវការច្រើនក្នុងទីផ្សារ។
សព្វថ្ងៃនេះ សាឡាដហ្សងមានលក់នៅតាមផ្សារនានា ប៉ុន្តែវាមានដើមតូចល្អិតៗសឹងមិនដែលបានឃើញដើមសោះ គឺគ្មានទេ។ យើងអាចប្រមូលផលវារាល់ ១០ថ្ងៃម្តង បើសិនជាការដុះលូតលាស់របស់វាល្អ ពេលប្រមូលផលគឺត្រូវកាត់វាយកតែផ្នែកខាងចុងប្រហែល ១០ ទៅ ១៥ សង្ទីម៉ែត្រ ក្រៅពីនេះគឺត្រូវទុកឲ្យវាលាស់ចេញជាត្រួយ និងមែកថ្មីតាមខ្នែងរបស់វា។
របៀបដាំ សាឡាដហ្សង អាចធ្វើតាមវិធីច្រើនយ៉ាងណាស់ តែសម្រាប់ស្ថានភាពអាកាសធាតុក្តៅដូចនៅប្រទេសយើង គឺចាំបាច់ណាស់ត្រូវមានដំបូលប្រក់ឲ្យវាជាដាច់ខាត បើពុំនោះទេ ការដុះលូតលាស់របស់វានឹងមិនសូវបានល្អឡើយ បើទោះបីជាវាដុះក៏មានដើមតូចល្អិតមិនសូវធំដែរ។ បើសិនជាអាចធ្វើបានត្រឹមត្រូវស្រួលបួល វានឹងជាមុខរបរមួយដែលអាចរកចំណូលបានច្រើនបង្គួរដែរ៕