យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ការស្កែនខួរក្បាលពីអ្នកដែលបានឆ្លងកូវីដ១៩បានបង្ហាញឱ្យឃើញពីការខូចខាតជាលិកានិងការរួមតូចនៅក្នុងតំបន់នៃខួរក្បាលដែលទាក់ទងនឹងឃានវិញ្ញាណ។
ក្នុងអំឡុងពេលសិក្សារបស់ពួកគេ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យអក់ស្វតបានពិនិត្យខួរក្បាលរបស់អ្នកចូលរួមចំនួន ៧៨៥ នាក់ដែលមានអាយុពី ៥១-៨១ ឆ្នាំ ដែលបានទទួលការស្កែន MRI ទាំងមុននិងក្រោយពេលឆ្លងមេរោគកូរ៉ូណា។
អ្នកចូលរួមសរុបចំនួន ៤០១ នាក់បានធ្វើតេស្តិ៍វិជ្ជមានមេរោគ Sars-CoV-2 រវាងការស្កែនទាំងពីររបស់ពួកគេ ដែលក្នុងនោះ ១៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមអ្នកវិទ្យាសាស្ត្រ ការស្កែនខួរក្បាលបានបង្ហាញពីឥទ្ធិពលនៃមេរោគ រួមមានទាំងការថយចុះកាន់តែច្រើននៃកម្រាស់នៃសារធាតុពណ៌ប្រផេះនៅក្នុងតំបន់នៃខួរក្បាលដែលទាក់ទងនឹងឃានវិញ្ញាណនិងការចងចាំនៃព្រឹត្តិការណ៍នានា។
អ្នកចូលរួមដែលមានកូវីដ១៩ក៏បានបង្ហាញភស្តុតាងនៃការខូចខាតជាលិកានៅក្នុងតំបន់នៃខួរក្បាលដែលភ្ជាប់ទៅនឹងក្លិន និងការថយចុះជាមធ្យមនៃទំហំខួរក្បាលទាំងមូលផងដែរ។
ជាមធ្យម អ្នកចូលរួមដែលបានឆ្លងមេរោគ SARS-CoV-2 ក៏បានបង្ហាញពីការថយចុះនៃការចងចាំកាន់តែខ្លាំងរវាងការស្កែនទាំងពីររបស់ពួកគេផងដែរដែលទាក់ទងនឹងការដាច់រលាត់នៃតំបន់ខួរក្បាលដែលគេស្គាល់ថា Cerebellum ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការចងចាំ។
ការរកឃើញពីការសិក្សា ដែលបោះពុម្ពនៅក្នុងទស្សនាវដ្តី Nature ឥឡូវនេះផ្តល់នូវភស្តុតាងនៃការផ្លាស់ប្តូរខួរក្បាលរបស់មនុស្សបន្ទាប់ពីការឆ្លងកូវីដ១៩និងការលេចឡើងនៃ “ខួរក្បាលកូវីដ”។
ទោះយ៉ាងណា គេមិនទាន់ដឹងច្បាស់ថាតើការធ្លាក់ចុះការចងចាំអាចត្រូវត្រឡប់មកវិញតាមពេលវេលាដែរឬយ៉ាងណានោះទេ៕