ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សខេត្ត ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា មកពី ០៨ឃុំ-សង្កាត់ ទូទាំងខេត្តប៉ៃលិន ជិត ២០០នាក់។
លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាន ក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទើបនៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដល់យុវជនគណបក្សផ្នែកព័ត៌មាន មកពីសាខាបក្សមន្ទីរអង្គភាព និងមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ប្រមាណជិត ២០០នាក់ ដោយធ្វើការពង្រឹងសមត្ថភាពបន្ថែម ក្នុងការយកប្រៀបឈ្នះលើសារធារណៈមតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ មាន៖ វិទ្យុ ទូរទស្សន៍ កាសែត (Off Line & On Line) និងបណ្តាញទំនាក់ទំនងសង្គម (Social Media) ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២។
លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ព័ត៌មានជាសារជាតិពិសេសមួយ ក្នុងកិច្ចចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយរបស់សង្គមជាតិ ហើយនៅក្នុងបរិបទនេះ ព័ត៌មានត្រូវស្ថិតក្នុងវិន័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការ ទៅដល់សាសាធារណៈជន ដើម្បីការយល់ដឹង និងការចូលរួម ក្នុងកិច្ចកសាងនីតិរដ្ឋ និងការទទួលខុសត្រូវ ស្របតាមគោលនយោបាយអភិបាលកិច្ចល្អ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលស្របច្បាប់ អាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះការបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺមានគោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនទាន យន្តការ និងយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មាន ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មាន ជាពិសេសនៅក្នុងខេត្តប៉ៃលិនយើង ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ដោយបំផុសព័ត៌មានពិតអោយចូលកៀកជាមួយប្រជាពលរដ្ឋ ដែលនេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវកាអនុវត្តន៍នយោបាយកែទម្រង់ដ៏មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានារបស់ប្រជាជន ទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (ប្រព័ន្ធផ្សព្វផ្សាយ) ដែលមានគ្រប់អ្នកពាក់ព័ន្ធ ចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រង សាធារណៈមតិ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្រ្ត និងរដ្ឋ ដែលជាកត្តាសំខាន់ក្នុងការបង្កើនប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានក្តីសង្ឃឹមយ៉ាងមុតមាំថា៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ ប្អូនៗយុវជនយើង នឹងទទួលបាននូវភាពជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈដ៏មុះមុតរបស់គណបក្សប្រជាជនកម្ពុជា។
បើតាមរបាយការណ៍របស់លោក យូ ពៅ ប្រធានផែនព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម របស់យុវជនគណបក្សខេត្តបានអោយដឹង៖ វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ គឺលើកយកប្រធានបទសំខាន់ៗមួយចំនួន៖ 1-ការសរសេរអត្ថបទព័ត៌មាន (-មូលដ្ឋានគ្រឹះ ការសរសេរអត្ថបទព័ត៌មាន -ការសរសេរអត្ថបទព័ត៌មានខ្លីៗ សម្រាប់ Facebook និងសារព័ត៌មាន) 2-មូលដ្ឋានគ្រឹះការថតរូប (-ស្វែងយល់ពីប្លង់ថត និងតួនាទីនៃប្លង់នីមួយៗ -មូលដ្ឋានគ្រឹះ ការប្រើប្រាស់ Camera Professional -ការថតរូប លើ Smart Phone និង Tablet (Os & Adroid) -ទំហ៊ំរូបភាព និង វីឌីអូ សម្រាប់ការផ្សព្វផ្សាយព័ត៌មាន -ការផ្ញើរូបភាព និង វីឌីអូ Professional សម្រាប់ការផ្សព្វផ្សាយព័ត៌មាន តាមរយៈកម្មវិធី Telegram -ការអនុវត្តផ្ទាល់) 3-បណ្តាញទំនាក់ទំនងសង្គម និងព័ត៌មានក្លែងក្លាយ (-ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា -គុណសម្បត្តិ និងបញ្ហាប្រឈម នៃបណ្តាញទំនាក់ទំនងសង្គម -ព័ត៌មានក្លែងក្លាយ -តួនាទីព័ត៌មានក្នុងការតស៊ូមតិ និងជំរុញការអភិវឌ្ឍន៍)៕