រាជធានីភ្នំពេញ ៖ ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីសម្រួចក្តីសង្ឃឹម ក្នុងការប៉ុនប៉ងមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់ថា ក្រុមជម្រើសជាតិបានចាកចេញពីការហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងបន្តការហ្វឹកហាត់នៅខេត្តកែប កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកន្លែងអំណោយផល សម្រាប់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសកម្រិតខ្ពស់។
ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ដែលហ្វឹកហាត់ត្រៀម ចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ឆ្នាំនេះមានចំនួន១៤នាក់ (ស្រី៥នាក់) ក្រោមការបង្វឹកពីគ្រូ៤នាក់ ក្នុងនោះមានគ្រូបង្វឹកអន្តរជាតិម្នាក់ជាជនជាតិណូវែលសេឡង់។បច្ចុប្បន្ន ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាបានចុះបញ្ជីស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម រួចរាល់ហើយ ព្រមទាំងទទួលបាន Technical Handbook ដែលជាការកំណត់បច្ចេកទេសលើវិញ្ញាសា រួចហើយផងដែរ។
ទ្រីយ៉ាត្លុងកម្ពុជានឹងចូលរួមលើ៤វិញ្ញាសា រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង ១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាបុរស-នារី ដែលត្រូវហែលទឹកចម្ងាយ ១៥០០ម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់១០គីឡូម៉ែត្រ។ ២-វិញ្ញសាឌូយ៉ាត្លុងបុរស-នារី មានរត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។
លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ជាមួយនឹងការខិតខំហ្វឹកហាត់នេះ យើងប៉ុនប៉ងដណ្តើមមេដាយសំរឹទ្ធ១គ្រឿង ឬបង្កើនសិទ្ធផល (Performance) ឲ្យគៀកទៅនឹងកម្រិតសមិទ្ធផលមេដាយមាស របស់អត្តពលិកទ្រីយ៉ាត្លុង ក្នុងអាស៊ីអាគ្នេយ៍ ដើម្បីសម្រួចគោលដៅដណ្តើមមេដាយមាសឲ្យបាន១គ្រឿង ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា យើងត្រូវទទួលស្គាល់ថា អត្តពលិកទ្រីយ៉ាត្លុងក្នុងអាស៊ីអាគ្នេយ៍ គឺមានភាពខ្លាំងក្លាណាស់ ជាពិសេស ប្រទេសហ្វីលីពីន ដែលបានការពារមេដាយមាស៣ជំនាន់ មកដល់ស៊ីហ្គេម លើកទី៣០ នៅប្រទេសរបស់ខ្លួន កាលពីឆ្នាំ២០១៩។ជាមួយគ្នានេះដែរ លោក ងិន សុខបញ្ញា ក៏បានលើកឡើងទៀតថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺម្ចាស់ផ្ទះកម្ពុជានឹងដាក់វិញ្ញាសា អាគ័រត្លុង (Aquathlon) ជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចំនួន៣០លើក ក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដែលមិនធ្លាប់ដាក់បញ្ចូលឡើយ។ វិញ្ញាសាអាគ័រត្លុង មានហែលទឹកចម្ងាយ ១០០០ម៉ែត្រ និងរត់៥គីឡូម៉ែត្រ ដែលនេះជាវិញ្ញាសាថ្មីក្នុងស៊ីហ្គេម ជាលើកដំបូងរៀបចំដោយម្ចាស់ផ្ទះកម្ពុជា។
បំណងនៃការដាក់បញ្ចូលវិញ្ញាសា១បន្ថែមនេះ គឺដើម្បីស្វែងរកឱកាសកាន់តែច្រើន ដើម្បីគោលដៅក្នុងការប្រជែងមេដាយមាស១គ្រឿង ដោយវិញ្ញាសា អាគ័រត្លុងនេះ យើងមានក្តីសង្ឃឹមខ្ពស់ជាងគេ ខណៈបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏មានឆន្ទៈដូចគ្នា ក្នុងការស្នើសុំឲ្យកម្ពុជា ដាក់បញ្ជូលវិញ្ញាសា អាគ័រត្លុង ក្នុងស៊ីហ្គេម ២០២៣នេះដូចគ្នាផងដែរ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២នេះ គឺកម្ពុជាបានចុះបញ្ជីចំនួន៣០ប្រភេទកីឡា នៃបញ្ជីនៃការប្រកួត (Entry form by Sport និង Entry form by Number រួមមាន៖ ប្រភេទកីឡាចំណាត់ថ្នាក់ទី១ (កីឡាកាតព្វកិច្ច) មាន២ គឺហែលទឹក និងអត្តពលកម្ម។ ប្រភេទកីឡាចំណាត់ថ្នាក់ទី២ (ប្រភេទកីឡាអូឡាំពិក និងកីឡាអាស៊ី) មានចំនួន២៣ និងប្រភេទកីឡាចំណាត់ថ្នាក់ទី៣ (ក្នុងតំបន់ និងប្រពៃណី) មានចំនួន៥ គឺវ៉ូវីណាម ប្រដាល់គុនខ្មែរ ឃីគបុកស៊ីង ប៉េតង់ និងកាយវប្បកម្ម៕