ប៉ៃលិន៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិនពីអតីតកាល គឺជាទីតាំង និងសមរភូមិក្តៅ ប៉ុន្តែបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំ និងសេដ្ឋកិច្ចតាមព្រំដែនរីកចម្រើនគួរអោយកត់សម្គាល់ ដែលបានជំរុញកំណើនសេដ្ឋកិច្ចខេត្តប៉ៃលិន និងជួយកាត់បន្ថយភាពក្រីក្រ។
លោកជំទាវឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលកម្មវិធីនេះផងដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត យ៉ាងច្រើនកុះករផងដែរ ។
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍អោយដឹងថា៖ ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន នូវការបង្រួបបង្រួមជាតិទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ។
លោកជំទាវឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសសើរដល់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលអភិបាលខេត្ត ដែលបានដឹកនាំ និងកសាងនូវរាល់សមិទ្ធិផលក្នុងខេត្ត អោយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដោយឡែកសមិទ្ធិផល ដងទង់ថ្មី ១គូរ ថ្ងៃនែះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសុទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៊ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ ២៤,០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា ។
នៅក្នុងឱកាសនោះផងដែរ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ ៖
១. បន្តការខិតខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ ។
២. ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» ។
៣. ថែរក្សា ការពារ នូវសមិទ្ធិផលនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា ។
៤. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជម្រុញក្នុងការ ចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាម ទីតាំងដែលបានកំណត់ សម្រាប់ដូសទី១ កុមារមានអយុ ៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍៕