ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា តម្លៃស្វាយចន្ទីនៅឆ្នាំ២០២២ អាចនឹងមានតម្លៃខ្ពស់ជាងឆ្នាំមុន ដោយសារតែទិន្នផលស្វាយចន្ទីរបស់កសិករមួយចំនួនបានធ្លាក់ចុះ បន្ទាប់ពីរងផលប៉ះពាល់ពីភ្លៀងកក់ខែនៅរយៈពេល១សប្តាហ៍ចុងក្រោយនេះ។ នៅដើមរដូវប្រមូលផលនៅខែកុម្ភៈនេះ ស្វាយចន្ទីមានតម្លៃរហូតដល់៦១០០រៀលក្នុង១គីឡូក្រាម ខណៈឆ្នាំ២០២១មានតម្លៃត្រឹម៤៥០០រៀលប៉ុណ្ណោះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ថា ការប្រមូលផលនៃស្វាយចន្ទីនៅឆ្នាំនេះ អាចមានការធ្លាក់ចុះ ដោយសារអាកាសធាតុប្រែប្រួល ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នាក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ជាហេតុធ្វើឱ្យផ្កាស្វាយចន្ទីរងការខូចខាតច្រើន។
លោកថ្លែងដូច្នេះថា៖«អាកាសធាតុហ្នឹងធ្វើឱ្យចន្ទីខូចច្រើន ខូចច្រើនហ្នឹងធ្វើឱ្យទិន្នផលធ្លាក់ចុះទាប។ ជាក់ស្តែងមិនដឹងទៅមុខទៀតយ៉ាងម៉េចទេ ប៉ុន្តែបើជាក់ស្តែងតម្លៃគ្រាប់ស្រស់ហ្នឹងឡើងថ្លៃជាងឆ្នាំទៅ ឆ្នាំទៅតែ៤៥០០០(រៀល) ឆ្នាំនេះឡើងដល់រហូត៦១០០រៀល ដោយសារគ្រាប់ស្វាយចន្ទីវាខូចច្រើន»។
លោកបន្តថា លោកមិនទាន់មានទិន្នន័យខូចខាតរបស់កសិករទូទាំងប្រទេសនោះទេ ប៉ុន្តែចម្ការរបស់លោក បានរងការខូចខាតចំនួន៥០ភាគរយទៅហើយ។ លោកបន្ថែមថា ជាទូទៅស្វាយចន្ទីមិនធន់នឹងអាកាសធាតុភ្លៀងច្រើននោះទេ ព្រោះកាលណាផ្កាកំពុងតែរីក ហើយស្រាប់តែត្រូវភ្លៀង ផ្កានោះនឹងរលួយខូចទាំងអស់ មិនអាចបន្តលូតលាស់នោះទេ ហើយបង្កើតឱ្យមានសត្វល្អិតច្រើនទៀតផង។
លោកថ្លែងដូច្នេះថា៖«កសិករដែលដាំពូជចន្ទីM23 មិនសូវទទួលការខាតបង់នោះទេ ប៉ុន្តែបើកសិករដាំស្វាយចន្ទីពូជ MH5 M10 M1 ឬពូជស្រាលនឹងប្រឈមការខាតបង់ហើយនៅឆ្នាំនេះ។ អ៊ីចឹង!មានតែពូជអាចគាំទ្រនឹងអាកាសធាតុបាន»។
លោក ទ្រី គឹម ស្រៀង កសិករដាំស្វាយចន្ទីចំនួន១៥ ហិកតា នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានលើកឡើងដែរថា នៅតំបន់របស់លោកកសិករកំពុងចាប់ផ្តើមប្រមូលផលស្វាយចន្ទីបណ្តើរៗហើយ ដោយស្វាយចន្ទីមានតម្លៃ៥៧០០រៀលក្នុង១គីឡូក្រាម លក់ទៅឱ្យឈ្មួញកណ្តាលដែលប្រមូលទិញយកទៅលក់នៅវៀតណាមបន្ត ខណៈកាលពីឆ្នាំ២០២១ មានតម្លៃទៅ៤៥០០រៀល។ លោកបន្តថា ក្នុងអំឡុងខែមីនាទើបដល់រដូវកាលប្រមូលផលច្រើន ហើយតម្លៃមិនទាន់ដឹងថាយ៉ាងណានោះទេនៅពេលខាងមុខ។
លោកថ្លែងដូច្នេះថា៖«ខ្ញុំអត់ទាន់ហ៊ានសន្និដ្ឋាន ហើយក៏អត់ទាន់មានព័ត៌មានមួយអីជាក់លាក់តម្លៃឆ្នាំនេះល្អជាងឆ្នាំទៅយ៉ាងណានៅឡើយទេ»។
លោកបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កសិករដាំស្វាយចន្ទីជួបប្រទះបញ្ហា សម្ភារៈកសិកម្មឡើងថ្លៃ ស្របពេលតម្លៃស្វាយចន្ទីគ្មានតម្លៃថេរមួយ ដែលកំណត់ជាក់លាក់ និងបញ្ហាការប្រែប្រួលអាកាសធាតុធ្វើឱ្យកសិករពិបាកថែទាំ ទទួលបានទន្និផលទាប។
ចំណែកកសិករម្នាក់ទៀតនៅស្រុកឆ្លូង ខេត្តក្រចះ លោក ណុក ប៊ុនថន បានប្រាប់ថា តម្លៃស្វាយចន្ទីប្រភេទM23 នៅតំបន់គាត់មានតម្លៃមធ្យម៥០០០រៀល ហើយគ្រាប់ធម្មតាមានតម្លៃ៤៥០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែលោកថា កាលពីឆ្នាំមុនមានតម្លៃ៧០០០រៀលក្នុង១គីឡូក្រាមនៅដើមរដូវប្រមូលផល។
លោកថ្លែងដូច្នេះថា៖«ឆ្នាំទៅ៧០០០បានតែមួយមួយភ្លែតដែរទេ យូរទៅនៅ៤០០០ទៅ៥០០០ដូចតែគ្នាទេ។ តម្លៃពី៣៨០០ទៅ៤០០០រៀលនៅចន្លោះប៉ុណ្ណឹងនៅពេលដែលប្រមូលផលច្រើន។ ដើមរដូវ(ឆ្នាំនេះមានតម្លៃទាប)អន់ តែចូលដល់កណ្តាលរដូវយើងអត់ទាន់ដឹងដែរ ព្រោះថាចន្ទីឆ្នាំនេះវាប៉ះភ្លៀងខ្លាំង ដូច្នេះទិន្នផលធ្លាក់ចុះគ្រប់គ្នា។ អ៊ីចឹង! វាអាចឡើងថ្លៃវិញក៏មានដែរ»។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងដែរថា ស្វាយចន្ទីឆ្នាំនេះអាចនឹងមានតម្លៃប្រសើរជាងឆ្នាំមុន ព្រោះមានក្រុមហ៊ុនជប៉ុនមួយចំនួនបានមកផលិតកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅក្រៅប្រទេស។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ២០២១ ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេសទទួលបានសរុបចំនួន ជាង៣៥លានតោន ក្នុងនោះ ស្វាយចន្ទីផលិតបានចំនួន ៤៧២ ៦៣៦ តោន៕